
ដោយៈ ទិន សុខាវុធ
អស់រយៈពេលពីរឆ្នាំមកហើយ ដែលមហាមិត្តចិនបានចាប់អនុវត្តនូវគោលនយោបាយមួយចំនួន
ក្នុងគោលបំណងរឹតបន្តឹងការវិនិយោគក្រៅប្រទេស ដើម្បីជៀសវាងផលប៉ះពាល់ដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិន
បណ្តាលមកកំណើនវិនិយោគក្រៅប្រទេសដ៏ឆាប់រហ័ស។
ដោយហេតុថា ៤០ ភាគរយនៃគំរោងវិនិយោគបរទេសដោយផ្ទាល់ (Foreign Direct Investment: FDI) ជាគំរោងវិនិយោគមកពីប្រទេសចិន ដូចនេះគោលនយោបាយរឹតបន្តឹងការវិនិយោគចិននៅបរទេស ដាក់ចេញដោយរដ្ឋាភិបាលចិន អាចប៉ះពាល់ដល់បណ្តាគំរោងវិនិយោគរបស់ក្រុមហ៊ុនចិនទាំងឡាយនៅក្នុងប្រទេសកម្ពុជា ជាពិសេស គំរោងវិនិយោគក្នុងវិស័យអចលនទ្រព្យនៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា។
លោកបណ្ឌិត
គីម ហ៊ាង ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Keller Williams Cambodia បានប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុនថា
ការលក់អាគារខុនដូបានថយចុះ បណ្តាលមកពីគោលនយោបាយរឹតបន្តឹងការវិនិយោគនៅបរទេសរបស់ប្រទេសចិននេះ។
ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏លោកបណ្ឌិតរូបនេះ
បានអះអាងថា ទន្ទឹមនឹងផលអវិជ្ជមាននេះ ការរឹតបន្តឹងរបស់ប្រទេសចិន ក៏អាចជួយកាត់បន្ថយនូវការពឹងពាក់ទាំងស្រុងលើវិនិយោគបរទេសផងដែរ។
ផ្ទុយទៅវិញ លោក ឃាង ពុទ្ធី
ប្រធានសមាគមអចលនទ្រព្យកម្ពុជា បានលើកឡើងថា ការរឹតបន្តឹងនេះមិនបានប៉ះពាល់ទៅលើកំណើននៃវិនិយោគចិនក្នុងវិស័យអចលនទ្រព្យ
បន្តិចណាឡើយ។
«ខ្ញុំមិនបានឃើញសញ្ញាណាមួយបង្ហាញថា
កំណើនវិនិយោគចិនក្នុងវិស័យអចលនទ្រព្យ បានថយចុះឡើយ ផ្ទុយទៅវិញ
មានគំរោងវិនិយោគចិនថ្មីៗជាច្រើនកំពុងតែមានជាហូរហែរនៅលើបណ្តាញ Internet»
នេះជាការលើកឡើងរបស់លោក
ឃាង ពុទ្ធី ។
ដោយឡែក
បើនិយាយពីគំរោងវិនិយោគចិនក្នុងវិស័យអចលនទ្រព្យនៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា
យោងតាមទំព័រ Facebook របស់ក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុនចិន Union
Development Group (UDG)
បានទទួលសិទ្ធិវិនិយោគក្នុងវិស័យអចលនទ្រព្យ
នៅលើផ្ទៃដីសម្បទានសេដ្ឋកិច្ចចំនួន ៣៦,០០០ ហិកតា សំរាប់រយៈពេល ៩៩ ឆ្នាំ
នៅក្នុងស្រុកបុទុមសាគរនិងស្រុកគិរីសាគរ ដែលមានទឹកប្រាក់វិនិយោគប្រមាណ $3.8
ពាន់លានដុល្លារ។
នៅក្នុងគំរោងវិនិយោគរបស់ក្រុមហ៊ុនចិន UDG មានការសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិ ដែលមានផ្លូវហោះហើរប្រវែង ៣,២០០ ម៉ែត្រ ទីលានវាយកូនគោលចំនួន ២០ កន្លែង ស្ថានីយផលិតថាមពលអគ្គិសនីមួយកន្លែង ទីក្រុងទេសចរណ៍ទំនើបមួយកន្លែង និង កំពង់ផែអន្តរជាតិសំរាប់នាវាធំចូលចតមួយផងដែរ។
ចំពោះគំរោងសាងសង់
«ទីក្រុងវិស្សមកាលទេសចរណ៍» ក្រុមហ៊ុន UDG គ្រោងនឹងចំណាយទុនវិនិយោគប្រមាណ $1.2
ពាន់លានដុល្លារ។
ទាក់ទងនឹងគំរោងវិនិយោគចិននៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ
មានដូចជាប្រទេសកម្ពុជាជាដើម មានអ្នកវិភាគមួយចំនួនយល់ថា ប្រទេសចិនកំពុងប្រើប្រាស់
«ការអភិវឌ្ឍ» ដើម្បីពង្រឹងនិងពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងពិភពលោក។
ជាការឆ្លើយតបទៅនឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីភីក
សហរដ្ឋអាមេរិកបានបង្កើតនូវគំនិតផ្តួចផ្តើមថ្មីមួយ មានឈ្មោះថា «Asia
EDGE» (Enhancing
Development and Growth through Energy) ក្នុងគោលបំណងជួយអភិវឌ្ឍវិស័យថាមពលនៅក្នុងតំបន៉អាស៊ីប៉ាស៊ីភីក
ដែលនៅពេលថ្មីៗនេះ ត្រូវបានសហរដ្ឋអាមេរិកដូរឈ្មោះអោយទៅជាតំបន់ «ឥណ្ឌូប៉ាស៊ីភីក» វិញ។
យោងតាមអ្នកវិភាគមួយចំនួន គំនិតផ្តួចផ្តើម Asia EDGE របស់សហរដ្ឋអាមេរិក ពិតជាមានគោលដៅប្រកួតប្រជែងជាមួយនឹងគំនិតផ្តួចផ្តើម «BRI» (Belt and Road Initiative) របស់ប្រទេសចិន ដែលជាកម្មវិធីអភិវឌ្ឍន៍មួយដែរនៅក្នុងតំបន់អាស៊ីប៉ាស៊ីភីក ឬ ឥណ្ឌូប៉ាស៊ីភីកនេះ។
បើតាមក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក
គំនិតផ្តួចផ្តើម Asia EDGE នេះមានគោលដៅជួយពង្រឹងនូវស្ថេរភាពថាមពល
ពង្រីកការធ្វើពិពិធកម្មនិងពាណិជ្ជកម្មវិស័យថាមពល និង
ជួយពង្រីកការប្រើប្រាស់ថាមពល អោយបានដល់មនុស្សគ្រប់រូប។ ជារួម
គោលដៅសំខាន់បំផុតរបស់គំនិតផ្តួចផ្តើមនេះ
គឺការជួយអភិវឌ្ឍប្រទេសក្រីក្រស្ថិតក្នុងតំបន់ឥណ្ឌូប៉ាស៊ីភិក
តាមរយៈការអភិវឌ្ឍវិស័យថាមពល។
«Asia
EDGE seeks to strengthen energy security, increase energy diversification and
trade, and expand energy access,» នេះជាសំណេររបស់ក្រសួងការបរទេសអាមេរិក
នៅលើគេហទំព័ររបស់ស្ថាប័នមួយនេះ។
លើសពីនេះទៀត
ក្រសួងការបរទេសអាមេរិកបានសង្កត់ធ្ងន់ថា គោលដៅដ៏សំខាន់របស់ Asia EDGE គឺធ្វើយ៉ាងណាបង្កើតនូវទីផ្សារថាមពលបើកចំហរនិងប្រកបដោយតម្លាភាពមួយ
នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីភីក ដែលនៅលើទីផ្សារនោះ
បណ្តាប្រទេសទាំងឡាយអាចធ្វើការលក់និងទិញថាមពលផ្សេងៗ ក្នុងតំលៃថោកសមរម្យ
អាស្រ័យទៅតាមច្បាប់ឬកិច្ចព្រមព្រៀងអន្តរជាតិទាំងឡាយ
ដែលនឹងប្រកបទៅដោយសមធម៌និងយុត្តិធម៌៕
