We TV Cambodia

ការផ្តល់ដីធ្លីដល់ប្រជាពលរដ្ឋជាអាទិភាពរបស់រាជរដ្ឋាភិបាល

រូបថតៈ Facebook លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ដោយៈ ទិន សុខាវុធ

នៅក្នុងជំណួបជាមួយលោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោក (The World Bank) ទទួលបន្ទុកតំបន់អាស៊ីខាងកើតនិងប៉ាស៊ីភិក នៅឯវិមានសន្តិភាព កាលពីថ្ងៃ ច័ន្ទ ទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់លោកស្រី Victoria Kwakwa ថា រាជរដ្ឋាភិបាលរបស់លោកបានសំរេចផ្តល់ដីរដ្ឋទាំងឡាយ អោយដល់ប្រជាពលរដ្ឋ ក្រោមរូបភាព «ដីសម្បទានសង្គមកិច្ច» (social land concessions) ជាជាងផ្តល់ដីទាំងនោះអោយទៅក្រុមហ៊ុនផ្សេងៗ ក្រោមរូបភាព «ដីសម្បទានសេដ្ឋកិច្ច» (economic land concessions) ។

យោង​តាម​ទំព័រ Facebook របស់​លោក​នាយ​រដ្ឋ​មន្ត្រី
អស់​រយៈ​ពេល ៧ ឆ្នាំ​មក​ហើយ​
ដែលរាជ​រដ្ឋាភិបាល​បាន​សំរេច​បញ្ឈប់​រាល់​ការផ្តល់ដីសម្បទានសេដ្ឋកិច្ច​ទាំងឡាយ​
អោយ​ដល់​ក្រុមហ៊ុនឯកជន​។ លើស​ពី​នេះ​ទៀត
រាជ​រដ្ឋាភិបាល​ក៏​បាន​កាត់​យក​មក​វិញ​នូវ​ដី​សមប្បទានសេដ្ឋកិច្ច​​របស់​ក្រុមហ៊ុន​នានា
ដែល​មិន​បាន​អនុវត្ត​តាម​គោលការណ៍​ឬ​ច្បាប់​របស់​រាជ​រដ្ឋាភិបាល។​
ហើយ​ដី​ទាំងនោះ​ត្រូ​វ​បាន​​ប្រគល់​​អោយ​ទៅ​ប្រជាពលរដ្ឋ
ដែល​គ្មាន​ដី​ប្រើប្រាស់​សំរាប់​បង្កបង្កើន​ផល​​។

មួយវិញទៀត លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​បញ្ជាក់ផង​ដែរ​ថា
គោលដៅ​​ដ៏​សំខាន់​នៃ​ការផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​​អោយ​ទៅ​ក្រុមហ៊ុន​ផ្សេង​ៗ
គឺ​សំរាប់​លើក​ស្ទួយ​វិស័យ​កសិកម្ម។ អាស្រ័យ​ហេតុ​នេះ រាជរដ្ឋាភិបាលរបស់​លោក
សុំ​អោយ​​ធនាគារពិភពលោក​​ចូល​រួ​ម​យ៉ាង​សកម្មថែមទៀត
ជាមួយ​ប្រជាពលរដ្ឋដែល​បាន​ទទួល​ដី​សម្បទាន​សង្គមកិច្ច
ក្នុង​ការជួយ​ជំរុញ​ការដាំដុះនៅលើ​ផ្ទៃដី​ទាំងនោះ អោយ​កាន់​តែ​ទទួល​បានផល​បាន​កាន់​តែ​ច្រើន​​ឡើង​ថែម​ទៀត​។

នៅ​ក្នុង​ឱកាសនោះ ប្រមុខ​រាជ​រដ្ឋាភិបាល​ក៏បាន​សុំអោយ​ធនាគារពិភពលោក
បន្តសហការ​ជាមួយ​កម្ពុជា​ក្នុង​​ការអភិវឌ្ឍ​ធនធានមនុស្ស​
និងហេដ្ឋារចនា​សម្ព័ន្ធនៅក្នុង​ទីក្រុង​និងនៅតាម​ជនបទ​ជា​បន្ត​ទៅ​ទៀត​។

ទាក់ទង​នឹងរឿង​នេះ កន្លង​មក គឺ​ធនាគារអភិវឌ្ឍន៍​អាស៊ី (The Asian Development Bank) បាន​រួម​សហការជាមួយ​នឹងភ្នាក់ងារអភិវឌ្ឍន៍​មកពី​ប្រទេស​កូរ៉េ​ខាង​ត្បូង
ក្នុង​ការកែ​ប្រែ​ផ្លូវ​លំក្រាលគ្រួស​​ក្រហម​នៅ​តាម​តំបន់​ជនបទ​ជនបទ​មួយ​ចំនួន​ក្នុង​ប្រទេសកម្ពុជា
អោយ​ទៅ​ជា​ផ្លូវ​ថ្នល់​ក្រាល​កៅស៊ូ​​ពីរ​ជាន់​ (DBST) ដែល​ប្រកបដោយ​គុណភាពខ្ពស់​។
អាស្រ័យហេតុ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​សុំ​អោយ​ធនាគារពិភពលោក​
ពិនិត្យ​មើល​ពីលទ្ធភាព​ជួយ​កែ​លំអបណ្តាផ្លូវ​លំក្រាលក្រួស​ក្រហម​នៅ​តាម​តំបន់​ជនបទដទៃទៀត
អោយ​ក្លាយ​ទៅ​ជា​ផ្លូវ​ថ្នល់​ក្រាលកៅស៊ូ​ពីរ​ជាន់​ដូច​គ្នានេះ​ដែរ​។

ជាការឆ្លើយតប លោក​ស្រី Victoria Kwakwa
បាន​លើក​ឡើងថា
ធនាគារពិភពលោក​​របស់​លោកស្រី​បាននិង​កំពុង​រួមសហការជាមួយ​នឹងសហគមន៍​ផ្សេង​ៗ​របស់​ប្រជាពលរដ្ឋកម្ពុជា​
ដែល​បានទទួល​ដី​សម្បទាន​សង្គមកិច្ចពីរាជ​រដ្ឋាភិបាល ក្នង​ការជំរុញ​ការដាំដុះនៅលើផ្ទៃ​ដី​ទាំងនោះ​
អោយ​បាន​សំរេច​ផល​ដ៏​ជា​ទី​គាប់​ចិត្ត និង​ប្រកប​ដោយ​មោទនភាព​។ បាន​ន័យ​ថា
ធនាគារពិភពលោក​បានចូល​រួម​ដោយ​ផ្ទាល់​ក្នុង​ការលើក​ស្ទួយ​ជីវភាព​រស់​នៅ​​របស់​ប្រជាពលរដ្ឋ​​កម្ពុជា
អោយ​កាន់​តែ​ល្អ​ប្រសើរឡើងថែមទៀត​​ ដែល​ជា​ប្រការ​ធ្វើអោយ​កូន​ចៅ​​របស់​ពួក​គេ​
អាច​ទទួល​បាន​នូវ​​ការអប់រំ​និង​សេវា​សុខភាពដ៏​សម​ស្រប​ផង​ដែរ​។

ដោយ​ហេតុ​ថា លោក​ស្រី Victoria Kwakwa
ធ្លាប់​បាន​មក​កម្ពុជា​កាល​ពី​
៣ ឆ្នាំ​មុន លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា
កម្ពុជា​ពិត​ជា​មាន​ការរីកចំរើន​យ៉ាង​ខ្លាំង​ក្លា ដ៏​គួរ​អោយ​កោត​សរសើរ​ជាទី​បំផុត​​។
កំណើនសេដ្ឋកិច្ច​កម្ពុជា​​ជា​មធ្យម​គឺ​ពី ៧% ទៅ ៨%
ហើយ​អត្រា​កាត់​បន្ថយ​ភាព​ក្រីក្រ​និង​អត្រា​ការស្លាប់​នៃ​ទារក​នៅ​ពេល​កើត​បាន​ថយ​ចុះ​​ដ៏​គួរ​កត់​សំគាល់​។
បើ​តាម​លោក​ស្រី ជោគជ័យ​ទាំងនេះ​ពិត​ជា​បញ្ជាក់​ថា
កម្ពុជា​កំពុង​តែ​បោះជំហាន​នៅ​លើផ្លូវ​មួយ​ដ៏​ត្រឹមត្រូវ​។

ជាលទ្ធផល លោក​ស្រី Victoria Kwakwa
បាន​សន្យា​ថា​នឹងពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​រាជ​រដ្ឋាភិបាល
អោយ​បាន​កាន់​តែ​រឹង​មាំ​ថែម​ទៀត ក្នុង​ភាព​ជា​ដៃគូអភិវឌ្ឍន៍
ដែល​ស្តាប់​យោបល់​គ្នា​ទៅវិញ​ទៅ​មក ក្នុង​គោល​បំណង​ជំរុញ​អោយ​កម្ពុជា​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កំរឹត​ខ្ពស់​នៅ​ឆ្នាំ
២០៣០ ខាង​មុខ​នេះ​៕

Related Articles