We TV Cambodia

ការផលិតស្រូវក្នុងខេត្ដកំពង់ស្ពឺក្នុងឆ្នាំ២០២០ មានការកើនឡើង

ការផលិតស្រូវក្នុងខេត្ដកំពង់ស្ពឺក្នុងឆ្នាំ២០២០ មានការកើនឡើង

ដោយ៖ ពេជ្រ

ភ្នំពេញ៖ ការផលិតស្រូវក្នុងខេត្តកំពង់ស្ពឺក្នុងឆ្នាំ២០២០នេះ មានការកើនឡើងជាងឆ្នាំ២០១៩ បើទោះបីឆ្នាំ២០២០ជួបបញ្ហាគ្រោះទឹកជំនន់ក្ដី។

បើតាមប្រធានមន្ទីរកសិកម្មខេត្ដកំពង់ស្ពឺ បានឱ្យដឹងថា ការប្រមូលផលស្រូវរដូវវស្សាក្នុងឆ្នាំ២០២០នេះ គឺបានរួចរាល់១០០ភាគរយហើយ លើផ្ទៃដី១២១ ២៩០ហិកតា និងទទួលបានបរិមាណផលសរុប ៣៨៤ ៤៥៩តោន បើប្រៀបធៀបនឹងឆ្នាំ២០១៩កើនឡើងជាង៥ភាគរយ។

លោកបញ្ជាក់ថា ការកើនឡើងបរិមាណផលស្រូវនេះ ដោយសារតែខេត្ដកំពង់ស្ពឺឆ្នាំនេះ មានរបាយទឹកភ្លៀងល្អចាប់ពីដើមឆ្នាំរហូតដល់ចុងឆ្នាំ ដែលធ្វើឱ្យស្រូវល្អជាងឆ្នាំមុន បើទោះបីជាប្រឈមជំនន់ទឹកភ្លៀង និងជំងឺកូវីដ១៩ក៏ដោយ ។

លោកមានប្រសាសន៍ថា៖«ជាទិន្នផលឆ្នាំនេះបើប្រៀបធៀបឆ្នាំ២០១៩កន្លងមក ដូចជាខ្ពស់ជាងឆ្នាំទៅខ្ពស់ជាងល្អជាង ទោះបីជាប្រឈមជំនន់ទឹកភ្លៀង ហើយបរិបទការឆ្លងរាលត្បាតជំងឺកូវីដ១៩ក៏មិនប៉ះពាល់ដល់ដំណើរការធ្វើស្រូវអង្ករនោះទេ»។

សូមជម្រាបជូនថា ជំនន់ទឹកភ្លៀងបានធ្វើឱ្យខូចខាតផ្ទៃដីដាំដុះស្រូវចំនួន ៦០១ហិកតា ខណៈដែលទិន្នផលស្រូវជាមធ្យមទទួលបានប្រមាណ៣,១៨៦ គីឡូក្រាមក្នុងមួយហិកតា៕

 

Related Articles