We TV Cambodia

ការបិទកាស៊ីណូនៅលើបណ្តាញ Internet ធ្វើអោយតំលៃអចលនទ្រព្យនៅខេត្តព្រះសីហនុធ្លាក់ចុះ

រូបថតៈ Facebook ក្រសួងសាធារណការនិងដឹកជញ្ជូន

ដោយៈ ទិន សុខាវុធ

អ្នកជំនាញវិស័យ​អចលនទ្រព្យ​មានក្តីបារម្ភ​ថា
ការបិទ​កាស៊ីណូ​នៅ​លើបណ្តាញ​ Internet ​ដែល​ភាគ​ច្រើន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន
កំពុង​បន្ត​​​ធ្វើ​អោយ​តំលៃ​​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ព្រះសីហនុ​
ត្រូវ​ធ្លាក់​ចុះ​។

យោង​តាម​លោក​ គីម ហ៊ាង ប្រធាន​ក្រុមហ៊ុន​ខ្មែរ​រៀលអេស្តេត
ការធ្លាក់​ចុះ​នៃ​តំលៃ​អចលនទ្រព្យ​នៅ​ខេត្ត​នេះ បណ្តាលមកពី​កាស៊ីណូ​នៅ​លើបណ្តាញ​ Internet ភាគច្រើន​
ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន ហើយ​ការបិទ​កាស៊ីណូទាំងនោះ បាន​ធ្វើ​ជនជាតិ​ចិន​ជា​ច្រើន​នាក់​ចាកចេញ​ពី​កម្ពុជា​។
ជាលទ្ធផល​ បណ្តាអចលនទ្រព្យ​ទាំងឡាយ​ ដែលធ្លាប់​ត្រូវ​បាន​ជួល​ដោយ​ជនជាតិចិន
ត្រូវបានទុក​ចោល​ ព្រោះ​​គ្មាន​ទីផ្សារ​។

លោក​ គឺម ហ៊ាង បាន​បន្ថែម​ទៀត​ថា ផល​ប៉ះពាល់ទៅ​លើវិស័យ​អចលនទ្រព្យ
មិនត្រឹម​តែ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​តែ​ប៉ុណ្ណោះ​ទេ ខេត្ត​មួយ​ចំនួន​ទៀត​
ដែល​ធ្លាប់​មាន​កាស៊ីណូ​លើ​បណ្តាញ Internet ​ក៏​ត្រូវ​បានប៉ះពាល់​ដូច​គ្នា​ដែរ​
មានដូច​ជា​ខេត្តព្រៃវែង ដែលធ្លាប់មាន​កាស៊ីណូ​ប្រភេទ​នេះ​ក្នុង​ក្រុង​បាវិត
ខេត្តបាត់ដំបង​ដែល​ធ្លាប់​មាន​កាស៊ីណូ​ដូច​គ្នានេះ​ក្នុង​ក្រុង​​ប៉ោយប៉ែត​ រួមទាំង​ក្រុង​ភ្នំពេញ​ផងដែរ​។

យោង​តាម​របាយការណ៍​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា
ហៅ​កាត់​ថា CDC ដែល​ជា​ស្ថាប័ន​មួយ​របស់រាជ​រដ្ឋាភិបាល
គិតចាប់ពី​ឆ្នាំ ២០១៦ មក​ទល់​នឹង​ខែ សីហា ឆ្នាំ ២០១៩​ នេះ ទំហំ​វិនិយោគ​ចិន​ក្នុង​ខេត្ត​ព្រះ​សីហនុ
បាន​កើន​ដល់​ចំនួនប្រមាណ​ជា $2,000 លាន​ដុល្លារ គឺ​ស្មើ​នឹង ៨.៩%
នៃទុន​វិនិយោគ​សរុប​។

ទាក់ទង​នឹង​រឿងនេះ នៅក្នុង​ការជួប​សន្ទនាជាមួយ​អ្នកវិនិយោគចិន​ត្រកូល​«ហ៊ុន» ប្រមាណ​ជា ៤០ នាក់​ នៅ​ឯវិមានសន្តិភាព កាល​ពី​ថ្ងៃ​ទី
៨ ខែ តុលា ឆ្នាំ ២០១៩ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​គូស​បញ្ជាក់​ពី​មូល​ហេតុ​ដែលរាជ​រដ្ឋាភិបាលបានសំរេច​បិទ​​កាស៊ីណូ​អនឡាញ​ពី​ព្រោះ​វា​មិន​ចំណេញ​អ្វី​ដល់សេដ្ឋកិច្ចកម្ពុជា​ឡើយ​។
ផ្ទុយ​ទៅ​វិញ
កាស៊ីណូ​អនឡាញទាំងនោះ​​នាំ​មកនូវបញ្ហា​ជា​ច្រើន​ដូចជា​អំពើ​ឧក្រឹដ្ឋកម្ម
និង​ការលាងលុយ​កខ្វក់​ជាដើម​។

សម្តេច​បាន​បញ្ជាក់​ថា
កម្ពុជា​ត្រូវការ​ពង្រឹង​ផ្នែក​ច្បាប់​អោយ​​បាន​រឹង​មាំ
ក្នុងគោលបំណងទាក់ទាញ​វិនិយោគ​យ៉ាង​ច្បាស់លាស់
និង​ផ្តល់​ផល​ចំណេញ​ដែលអាច​ទទួលយក​បាន​។

យោង​តាមសម្តេច​តេជោ
នៅ​ពេលបច្ចុប្បន្ន​នេះ
ទំហំ​ពាណិជ្ជកម្មរវាង​កម្ពុជា​និង​ចិន​មាន​លក្ខណៈ​កើន​ឡើង​ជា​បន្តបន្ទាប់។
ហើយ​នៅ​ក្នុង​ឆ្នាំ ២០២២ ទំហំ​ពាណិជ្ជកម្ម​នេះ​អាច​កើនឡើង​ដល់ $10
ពាន់​លាន​ដុល្លារ​។

កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​នេះ បាន​មកដោយ​សារ​វត្តមាន​នៃ​តំបន់​សេដ្ឋកិច្ច​សេរី​​រវាង​​ប្រទេស​អាស៊ាន  តំបន់​សេដ្ឋកិច្ច​សេរី ចិន-អាស៊ាន និង​តំបន់សេដ្ឋកិច្ច អាស៊ាន-ចិន​។ លើស​ពី​នេះ​ទៀត កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​រវាង​ចិន​និង​កម្ពុជា ក៏​ជា​កត្តា​មួយ​ជួយ​ជំរុញ​អោយ​មាន​កំណើនទំហំពាណិជ្ជកម្មនេះ​ដែរ​៕

Related Articles