
ការនាំចេញអង្កររបស់កម្ពុជារយៈពេល ៦ខែក្នុងឆ្នាំ២០២០នេះ មានការកើនឡើងប្រមាណជាង៤១% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ នេះបើយោងតាមការប្រកាសរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តម បានឲ្យដឹងទៀតថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២០ ការនាំចេញអង្ករសម្រេចបាន ៣៩៧,៦៦០ តោន កើនឡើងប្រមាណ ១១៦,១២២តោន ស្មើនឹង ៤១,២៥% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលមានចំនួនត្រឹមតែ ២៨១,៥៣៨ តោនប៉ុណ្ណោះ ។

ដោយឡែក សម្រាប់ខែមិថុនា ឆ្នាំ២០២០នេះ ការនាំចេញអង្ករសម្រេចបានចំនួន ៤១,៥៦៣តោន កើនឡើងចំនួន ១០,១៩៧តោន ស្មើនឹង៣២,៥១% បើធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩ ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤១,៨៦៤តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន ៨,៧៥២តោន, អង្ករចំហ៊ុយមានចំនួន ៩២៤តោន និងអង្ករក្រហមមានចំនួន ២៣តោន ។

ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ៦ខែនេះមានចំនួន ៥៦ប្រទេសរួមមាន៖ ប្រទេសចំនួន២៤ ដែលស្ថិតនៅក្នុងសហភាពអ៊ឺរ៉ុប, ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន៦ និងទ្វីបដ៏ទៃទៀតចំនួន ២៥ ប្រទេស។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន៥ ក្នុងចំណោម ៦៦ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ។

សូមបញ្ជាក់ថា៖ ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៦ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់៖ សហភាពអ៊ឺរ៉ុបកើនឡើងចំនួន ៤៥,១៩%, ប្រទេសចិនកើនចំនួន ២៥,២០%, បណ្តាប្រទេសសមាជិកអាស៊ានកើនចំនួន ៤៧,៦៩%, និងគោលដៅដ៏ទៃទៀតបានកើនឡើងចំនួន ៧៩,២៦% ។







អត្ថបទដោយ៖ Nevin
