
មកទល់ពេលនេះ គ្រប់ច្រកព្រំដែនអន្ដរជាតិរវាង កម្ពុជា -ថៃ មានភាពស្ងប់ស្ងាត់ ជាងរាល់ដង ក្រោយសេចក្ដីប្រកាសរួមត្រូវបានធ្វើឡើង ដោយបិទការចេញចូល ចំណាកស្រុក នៃប្រជាជនប្រទេសទាំងពីរលើកលែងតែការចរាចរទំនិញត្រូវតម្រូវឲ្យដំណើរការដូចធម្មតា។
នៅតាមបណ្ដាយច្រកព្រំដែនអន្តរជាតិរវាង កម្ពុជា-ថៃ មានដូចជា ច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកចាំយាមខេត្តកោះកុង ត្រូវបានគេសង្កេតឃើញថា មានសភាពស្ងប់ស្ងាត់ខុសពីពេលរាល់ដង ស្ទើតែ៧០% នៃការនាំចូល និងចេញទំនិញ។ ស្ថិតក្នុងការរឹតបណ្ដឹងសុវត្ថិភាព តាមច្រកព្រំដែន ប្រទេសទាំងពីរ បានសម្រេចសេចក្ដីប្រកាសរួមដោយ បិទការចំណាកស្រុក ប៉ុន្ដែសម្រាប់ការដឹកជញ្ជូនទំនិញនៅតែដំណើរការជាធម្មតា មិនមានការហាមឃាត់នោះទេ គ្រាន់តែការត្រួតពិនិត្យមានសភាពតឹងរ៉ឹងជាងមុន ដោយអនុញ្ញាតឲ្យក្នុងរថយន្តដឹកទំនិញមួយ គឺមានតែអ្នកបើកបរតែម្នាក់ប៉ុណ្ណោះ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ មានការថយចុះ ហើយភាគច្រើនទំនិញ គឺជាប្រភេទទាក់ទង នឹងម្ហូបអាហារ ភេសជ្ជៈ និងបន្លែដែលជាតម្រូវការប្រចាំថ្ងៃតែប៉ុណ្ណោះ។ ចំណែកទំនិញបម្រើឲ្យការងារវិនិយោគសាងសង់សំណង់ធំៗមានចំនួនតិចតួចបំផុត ស្របពេលដែលសកម្មភាពសាងសង់បច្ចុប្បន្នកំពុងស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់ ដោយសារបញ្ហាវីរុសកូវីដ១៩។
ចំពោះច្រកព្រំដែននៅ ខេត្តកោះកុង លោក ជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏បានប្រាប់ដល់អ្នកសារព័ត៌មានក្នុងស្រុកដែរថា ដំណើរការដឹកទំនិញជញ្ជូនទំនិញធំៗឆ្លងកាត់ច្រកព្រំដែនេះ គឺមានភាពស្ងប់ស្ងាត់ខុសពីធម្មតា មកទល់ពេលនេះ។ តែយ៉ាងណាក៏ដោយ លោកជំទាវ ក៏បានបង្ហើបបញ្ជាក់ដែរ ដោយមិនទាន់ហានវាយតម្លៃទាំងស្រុង ពីការថយចុះនៃការដឹកជញ្ជូនទំនិញ ឬកើនឡើងក្នុងកម្រិតណាមួយ ខណៈការរឹតបន្តឹងនៅតែបន្តតាមចំណាត់ការ។
ដោយ៖ Stince
