We TV Cambodia

ការទទួលឥទ្ធិពលវប្បធម៌បរទេសមកកម្ពុជានាពេលបច្ចុប្បន្ន

ការទទួលឥទ្ធិពលវប្បធម៌បរទេសមកកម្ពុជានាពេលបច្ចុប្បន្ន

ដោយៈ ហួរ ឆេងស៊ីម

ភ្នំពេញ៖  នៅក្នុងប្រទេសកម្ពុជាមានការកើនឡើងនូវលំហូរចូលនៃការធ្វើជំនួញពីក្រៅប្រទេស​ រីឯភ្ញៀវទេសចរជាតិ និងអន្តរជាតិក៏មានកាន់តែច្រើនឡើងផងដែរ។ កត្តាទាំងនេះបានធ្វើឲ្យជនជាតិកម្ពុជាមិនថាក្នុងចំនួនតិច ឬច្រើនមានការទទួលរងឥទ្ធិពលវប្បធម៌ពីបរទេស។ ការហូរចូលនៃវប្បធម៌បរទេសនៅតែបន្តមានឥតឈប់ឈរនាពេលបច្ចុប្បន្ននេះតាមរយៈការធ្វើជំនួញជាដើម។

នៅក្នុងប្រទេសនីមួយៗតែងតែមានការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ពីមួយទៅមួយ មិនថាក្នុងស្ថានភាពបែបណាក៏ដោយ។ ដើម្បីឲ្យប្រទេសខ្លួនមានការអភិវឌ្ឍលុះត្រាតែមានការចូលរួមពីប្រទេសដទៃទៀត តាមរយៈការធ្វើពានិជ្ជកម្មឬការធ្វើជំនួញជាដើម ដែលមូលហេតុនេះតែងតែធ្វើឲ្យប្រទេសនីមួយៗជួបនូវផលវិជ្ជមានផង និងអវិជ្ជមានផង។

នៅក្នុងសង្គមកម្ពុជា ប្រជាជនខ្មែរមិនថាក្នុងចំនួនតិចក្តីឬច្រើនក្តី តែងតែប្រតិបត្តិតាមវប្បធម៌បរទេសដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ យើងសង្កេតឃើញថា ប្រជាជនខ្មែរតែងអនុវត្តតាមពិធីបុណ្យរបស់អឺរ៉ុបជាបន្តបន្ទាប់ ដែលមានចាប់ពីដើមឆ្នាំរហូតដល់ចុងឆ្នាំ។ ពលរដ្ឋខ្មែរស្ទើរតែទាំងស្រុងបានស្គាល់ពីពិធីបុណ្យបែបវប្បធម៌បរទេសសឹងតែទាំងអស់ មានដូចជាបុណ្យណូអែល បុណ្យនៃក្តីស្រឡាញ់ Halloween បុណ្យចូលឆ្នាំចិនជាដើម។

ដោយឡែក នៅក្នុងប្រទេសកម្ពុជា បើក្រឡេកមើលផ្នែកសេដ្ឋកិច្ចមានដំណើរការទៅយ៉ាងសកម្ម នៅអំឡុងពិធីបុណ្យធំៗ មិនថាពិធីបុណ្យប្រពៃណីជាតិខ្មែរ ឬក៏បុណ្យបរទេសនោះឡើយ។

ដោយសារសកម្មភាពសេដ្ឋកិច្ចខាងផ្នែកផលិតកម្ម សេវាកម្មទេសចរណ៍ និងសេវាកម្មដឹកជញ្ជូន សុទ្ធតែទទួលបានផលពីឱកាសពិធីបុណ្យធំៗបែបនេះ ខណៈដែលតម្លៃនៃសេវាកម្មនានា បានកើនឡើងលើសពីថ្ងៃធម្មតា។ កត្តាទាំងនេះបានបង្ហាញឲ្យឃើញថា កម្ពុជាក៏បានទទួលផលវិជ្ជមានខ្លះដែរពីការប្រារព្ធពិធីបុណ្យទាំងជាតិ និងអន្តរជាតិ។

ជាក់ស្តែង ប្រជាជនខ្មែរពិតជាមានភាពសប្បាយរីករាយ និងពេញចិត្តចំពោះពិធីបុណ្យទាំងនេះណាស់បើទោះបីវាមិនមែនជាពិធីបុណ្យតាមបែបវប្បធម៌របស់ខ្លួនក៏ដោយ។ ប៉ុន្តែភាពសប្បាយរីករាយទាំងនេះនឹងបណ្តាលឲ្យប្រជាជនខ្មែរមួយចំនួនអាចនឹងភ្លេចគិតពីវប្បធម៌ជាតិរបស់ខ្លួនបានយ៉ាងងាយ។

បើយើងសង្កេតមើលស្ថានភាពជាក់ស្តែង ប្រជាពលរដ្ឋកម្ពុជាពិតជាមមាញឹកនឹងការឈប់សម្រាក ព្រមទាំងការប្រារព្ធពិធីបុណ្យនានាទាំងពិធីបុណ្យជាសកលមានដូចជា សិទ្ធិនារី សិទ្ធិកុមារ សិទ្ធិមនុស្ស បូករួមទាំងពិធីបុណ្យប្រពៃណីជាតិធំៗ ដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យអុំទូក និងពិធីបុណ្យភ្ជុំបិណ្ឌជាដើម។​​​​ ការឈប់សម្រាកច្រើនបែបនេះអាចមានផលប៉ះពាល់ដល់ប្រសិទ្ធិភាពការងារ ប៉ះពាល់ដល់សេដ្ឋកិច្ចផ្ទាល់ខ្លួន ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។

បើយើងក្រឡេកមកមើល​ឥទ្ធិពល​នៃ​វប្បធម៌​ចិន​មក​លើ​សង្គម​កម្ពុជា ឯកសារ​ប្រវត្តិសាស្ត្រ​កម្ពុជា បាន​ចង្អុល​ទៅ​រក​ដំណើរ​វវត្តន៍​នៃ​សង្គម​មនុស្ស​ចាប់​តាំង​ពី​អតីត​កាល​រាប់​ពាន់ឆ្នាំ​មុន នៅ​ពេល​ដែល​ទំនាក់​ទំនង​នយោបាយ និង​ពាណិជ្ជកម្ម​បាន​ដុះ​ដាល​ឡើង​រវាង​ប្រទេស​មួយ និង​ប្រទេស​មួយ​ទៀតមិន​ថា នៅ​ជិត​ឬ​នៅ​ឆ្ងាយ​នោះ​ឡើយ។​ ហេតុនេះហើយវប្បធម៌ចិនគឺកើត​ឡើង​តាម​រយៈ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​របស់​ក្រុម​ឈ្មួញ​ចិន ដែល​បាន​ចុះ​សំពៅ​ធំៗ​មក​រក​ស៊ី​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​នោះ​មាន​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ។

ក្រៅពីវប្បធម៌ចិន នៅកម្ពុជាក៏មានការចម្លងវប្បធម៌ពីប៉ែកអឺរ៉ុបផងដែរ។ វប្បធម៌អឺរ៉ុបភាគច្រើនមានការគាំទ្រពីក្រុមយុវវ័យកម្ពុជា ឬក៏អាចមានក្រុមចំណាស់មួយចំនួនផងដែរ។ ការចម្លងវប្បធម៌អឺរ៉ុបស្តែងឲ្យឃើញតាមការស្លៀកពាក់តុបតែងខ្លួន ការនិយាយស្តី និងការអនុវត្តតាមពិធីបុណ្យផ្សេងៗរបស់ជនជាតិគេផងដែរ។ ពេលខ្លះវប្បធម៌បរទេសឆ្លងមកកម្ពុជាដោយសារតែជនជាតិកម្ពុជាមួយចំនួនរៀបអាពាហ៍ពិពាហ៍ជាមួយជនជាតិបរទេសដែលបានមកកម្ពុជាតាមរយៈការធ្វើជំនួញ ដូចនេះហើយទើបវប្បធម៌និងប្រពៃណីមានលក្ខណៈបែបបរទេសខ្លះ។ ឧ. ពិធីមង្គលការឬការរៀបអាពាហ៍ពិពាហ៍ កាលពីដើមឡើយខ្មែរយើងបានប្រារព្ធពិធីនេះក្នុងរយៈពេល៧ថ្ងៃ ឬក៏៣ថ្ងៃ ប៉ុន្តែតាំងពីមានវប្បធម៌ផ្សេងៗចូលមក ពិធីមង្គលការនៅសល់ត្រឹមតែ១ថ្ងៃប៉ុណ្ណោះ ហើយមានពិធីកាត់នំដែលមានលក្ខណៈជាបរទេសជាដើម។ ខណៈ​ដែល​វប្បធម៌​​បរទេស​ មិន​ថា​វប្បធម៌​ចិន និង​អឺរ៉ុប​​គ្រប​ដណ្ដប់​លើ​សង្គម​ខ្មែរ ជាពិសេស​ទំនៀម​ទម្លាប់​នោះ ត្រូវបាន​ស្ដែង​ឲ្យ​ឃើញ​នៅ​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន និង​ពិធី​បុណ្យ​ផ្សេងៗ​ទៀត។ នេះបង្ហាញថាសង្គមខ្មែរពិតជាមានភាពទូលំទូលាយក្នុងការទទួលយកវប្បធម៌ដទៃទៀតដើម្បីទទួលបានចំនេះដឹងថ្មីៗ ដើម្បីឲ្យសង្គមខ្មែរមានការផ្លាស់ប្តូរពីមួយដំណាក់កាលទៅមួយដំណាក់កាល និងភាពរីករាយបន្ថែមទៀត។ យើងមិនអាច​ចាត់​ទុក​វប្បធម៌​ចិន ឬ​អឺរ៉ុប​ជា​ការ​គំរាម​គំហែង​ដល់​អត្ត​សញ្ញាណ​នៃ​វប្បធម៌​ខ្មែរ​នោះ​ឡើយ ប្រសិន​បើ​យុវជន​ខ្មែរ​ត្រូវ​បាន​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​មូលដ្ឋាន​គ្រឹះ​រឹង​មាំ​ស្ដី​ពី​វប្បធម៌​ជាតិ​របស់​ខ្លួន។ ប៉ុន្តែបើមានការទទួលយកវប្បធម៌បរទេសហួសកម្រិត ដោយពុំគិតពីវប្បធម៌ជាតិខ្លួននោះ វាក៏អាចចាត់​ទុក​ជា​ការ​គំរាម​កំហែងមួយ​ទៅ​លើ​អត្ត​សញ្ញាណ​នៃវប្បធម៌ជាតិ​ខ្មែរ​ផងដែរ៕

Related Articles