ភ្នំពេញ៖ ទីផ្សារអចលនទ្រព្យនៅកម្ពុជា ប្រមាណជា ៤ឆ្នាំចុងក្រោយមានការរីកកើនឡើងខ្ពស់ ខណៈដែលមានការចូលរួមពីវិស័យ វិនិយោគជាតិ និងអន្ដរជាតិច្រើន ទាំងហេដ្ឋារចនាសម្ពន្ធ ផ្លូវ អគារ នឹងជារមណីដ្ឋាន បូករួមទាំងវិស័យទេសចរណ៍ ផ្សេងៗទៀត ដែលធ្វើឲ្យសន្ទុះនៃទីផ្សារ ក៏កើនឡើងដែរ។ ដៃគូវិនិយោគទុនដែលធំជាងគេ នៅកម្ពុជាត្រូវបានគេស្គាល់ថា មកពីប្រទេសចិន បន្ទាប់មកទៀត ក៏មានកូរ៉េ ជប៉ុន និងសិង្ហបុរី ជាមួយម៉ាឡេស៊ីបន្ទាប់បន្សំ។
ចិន ត្រូវបានគេទទួលស្គាល់ថាជាប់ចំណាត់ថ្នាក់លេខ១ ដែលបានចាយលុយវិនិយោគទុនមកលើ កម្ពុជា ដូចជា រោងចក្រ សហគ្រាស តំបន់សេដ្ឋកិច្ចពិសេស និងផ្សេងជាច្រើនទៀត សុទ្ធសឹងតែជាការវិនិយោគដោយចិន។ សក្ដានុពលនៃវត្ដមានអ្នកវិនិយោគទុនចិន ពិតជាធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា រឹងមាំគួជាទីកត់សំគាល់ ជាពិសេសលើវិស័យអចលនទ្រព្យ។ តួយ៉ាងងាកមកមើលតំបន់ សេដ្ឋកិច្ចកំពង់សោម ទីផ្សារអចលនទ្រព្យមានការកើនឡើងខ្លាំង ក្រោយពេលមានការចូលរួមពីការវិនិយោគទុនចិន។ អគារធំតូចរីកដុះដាលមីដេដាស ដីក្រុងធ្លាប់ស្រឡះ ប្រែជាចង្អៀតជ្រកជ្រាតទៅដោយ សំណង់អភិវឌ្ឍន៍ដោយការចូលរួមវិនិយោគដោយចិន។
ចិនបានចូលរួមយ៉ាងខ្លាំង ជួយលើកស្ទួយវិស័យអចនទ្រព្យនៅកម្ពុជា ដូច្នេះ ប្រសិនជាវត្ដមានចិន ត្រូវថយចុះ នោះទីផ្សារអចលនទ្រព្យកម្ពុជាមិនត្រឹមតែ នៅទ្រឹងនោះទេ ថែមទាំងពិបាកធានាឲ្យបាន នូវលំនឹងមួយនេះទៀតផង។ ជាឧទាហរណ៍ស្របតាម ប្រសាសន៍របស់ សម្ដេច ហ៊ុន សែន កាលពីពេលថ្មីៗនេះ សម្ដេចបានមានប្រសាសន៍ទាក់ទងបញ្ហាជុំវិញ ការបិទជើងហោះហើរពីចិន ថា ប្រសិនជាបិទជើងហោះហើរពីចិន គឺដូចជាសម្លាប់សេដ្ឋកិច្ចកម្ពុជាទាំងស្រុង ខណៈដែល រោងចក្រ ខុនដូ សណ្ឋាគា ធំៗជាច្រើន តំបន់ទេសចរណ៍ កំពុងតែមានការរួមចំណែកខ្លាំងពីចិន។
អត្ថបទដោយ៖ អឿ អ៊ុយ