We TV Cambodia

ការដំឡើងពន្ធលើថ្នាំជក់ នឹងជួយឲ្យរដ្ឋទាញបានប្រាក់ចំណូលបន្ថែមប្រមាណ ២៣៥លានដុល្លារ

ការដំឡើងពន្ធលើថ្នាំជក់ នឹងជួយឲ្យរដ្ឋទាញបានប្រាក់ចំណូលបន្ថែមប្រមាណ ២៣៥លានដុល្លារ

ការដំឡើងពន្ធលើផលិតផលថ្នាំជក់ នឹងធ្វើឲ្យកម្ពុជាអាចទាញចំណូលចូលរដ្ឋបន្ថែមប្រមាណ ២៣៥លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំ ហើយវាថែមទាំងអាចជួយកាត់បន្ថយផលប៉ះពាល់ពីការប្រើប្រាស់ថ្នាំជក់បានផងដែរ។ នេះបើយោងតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិតមុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា។

យោងតាមការសិក្សារបស់ការអង្គការសហប្រជាជាតិ ស្ដីពីការវិនិយោគលើការត្រួតពិនិត្យផលិតផលថ្នាំជក់ឆ្នាំ២០១៩ បានបង្ហាញថា បច្ចុប្បន្នអត្រាពន្ធលើផលិតផលថ្នាំជក់នៅកម្ពុជាមានត្រឹមតែ ២៥%ប៉ុណ្ណោះ ហើយបើកម្ពុជា ដំឡើងពន្ធលើថ្នាំជក់រហូតដល់៧៥% នៃតម្លៃបារីលក់រាយ នោះក្នុងរយៈពេល ៥ឆ្នាំខាងមុខ កម្ពុជានឹងទទួលបានចំណូលពន្ធបន្ថែមប្រមាណ ២៣៥លានដុល្លារ ឬ ៩៣៣លានដុល្លារ ក្នុងរយៈពេល ១៥ឆ្នាំខាងមុខ។

ក្រៅពីនេះ វាក៏ជួយកាត់បន្ថយផលប៉ះពាល់នៃការប្រើប្រាស់បារីមកលើពលរដ្ឋកម្ពុជាផងដែរ ដោយក្នុងមួយឆ្នាំៗ ពលរដ្ឋកម្ពុជាចំនួន ១៥,០០០នាក់បានស្លាប់ និងខាតបង់ទឹកប្រាក់ប្រមាណ ៦៤៩លានដុល្លារក្នុងមួយឆ្នាំដោយសារការប្រើប្រាស់ថ្នាំជក់ ដែលចំនួននេះស្មើនឹង ៣% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។

សូមជម្រាបថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាពន្ធលើផលិតផលថ្នាំជក់ទាបជាងគេនៅ ដោយបច្ចុប្បន្នអត្រាពន្ធលើផលិតផលថ្នាំជក់ធៀបតម្លៃលក់រាយនៅកម្ពុជាមានត្រឹមតែ២៥% ចំពោះបារីក្នុងស្រុក និង ៣១,១%ប៉ុណ្ណោះចំពោះបារីនាំចូល ខណៈដែលប្រទេសថៃមានអត្រាពន្ធធៀបតម្លៃលក់រាយរហូតដល់ ៧០%, សិង្ហបុរី ៦៧.៥% និងភូមា ៥០% ទៅ ៦០%ឯណោះ។

អត្ថបទដោយ៖ Nevin

Related Articles