ការដាំស្មៅផ្អែម សម្រាប់ធ្វើជាចំណីបំប៉នសត្វគោកំពុងជួយជម្រុញកសិដ្ឋានចិញ្ចឹមគោមួយកន្លែងក្នុងខេត្តកំពង់ឆ្នាំឲ្យទទួលបានការធំធាត់លឿន និងទទួលបានទិន្នផលឆាប់រហ័យ។
លោក រស់ វិសុទ្ធ ម្ចាស់កសិដ្ឋានចិញ្ចឹមគោយកសាច់ក្នុងខេត្តកំពង់ឆ្នាំបានឲ្យដឹងថា លោកបានដាំស្មៅផ្អែមលើផ្ទៃដីប្រមាណ ៧ហិចតា ដែលនាំចូលពីបរទេសដើម្បីធ្វើជាចំណីសម្រាប់សត្វគោ និងសម្រាប់បំប៉នឲ្យគោធំធាត់បានលឿនរហ័ស ដោយប្រើរយៈពេលតែ ២ ទៅ ៣ខែប៉ុណ្ណោះគឺគោដែលស្គម នឹងប្រែមកជាធំធាត់អាចលក់ចេញបាន។
ចំណែកលោក យុត រដ្ឋា អ្នកជំនាញបច្ចេកទេសដាំស្មៅផ្អែមក្នុងកសិដ្ឋានខាងលើបានប្រាប់ថា គាត់ដាំស្មៅនេះអស់រយៈពេល ៤ឆ្នាំមកហើយ ហើយស្មៅទាំងអស់នេះដែរ បានពូជមកពីប្រទេសអ៊ីស្រាអែល និងថៃ។ ចំពោះពូជស្មៅអ៊ីស្រាអែល យើងដាំក្នុងរយៈពេល៤៥ ថ្ងៃគឺបានផលអាចកាត់ឲ្យគោស៊ីបាន ប៉ុន្តែចំពោះពូជស្មៅស៊ុបពែណេតរបស់ថៃ គឺមានអាយុដល់ទៅ ៧៥ថ្ងៃទើបអាចកាត់យកមកផ្អាប់ធ្វើចំណីឲ្យគោស៊ីបាន តែក្រោយពីកាត់លើកទី១ ដែលមានរយៈពេល ៧៥ថ្ងៃហើយ ការកាត់លើកក្រោយៗទៀត មានរយៈពេលត្រឹមតែ ៤៥ថ្ងៃប៉ុណ្ណោះ យើងនឹងអាចកាត់វាបានហើយ ព្រោះវាធំលឿននឹងដុះស្លឹកបានល្អ។
លោកក៏បានបន្តទៀតថា ការឲ្យចំណីគោតាមរបៀបនេះ ពិតជាទទួលបានជោគជ័យពិតមែន ដោយម្ចាស់កសិដ្ឋានបានទិញគោស្គមៗ បាក់កម្លាំងយកមកបំប៉នឲ្យចំណីដែលផលិតបានដោយខ្លួនឯង រួមនឹងការឲ្យស្មៅផ្អែមដែលដាំបានឲ្យគោស៊ី ហើយត្រឹមរយៈពេលតែ ២ ទៅ ៣ខែប៉ុណ្ណោះគោធំធាត់អាចលក់បានហើយ ដោយក្នុង ១ខែជាមធ្យមកសិដ្ឋានលោកអាចលក់គោដែលបំប៉នធំធាត់បានជាង ៣០ក្បាល ដែលក្នុង ១ក្បាលៗអាចចំណេញបាន៨០ម៉ឺនរៀល។
លោកក៏បានបញ្ជាក់ដែរថា សម្រាប់ការឲ្យស្មៅផ្អែមទៅគោស៊ីនេះដែរ ក្នុងមួយថ្ងៃគឺឲ្យតែមួយពេលប៉ុណ្ណោះ ពោលបើឲ្យស្មៅផ្អែមទៅគោស៊ីពេលព្រឹក នោះយើងមិនឲ្យវាស៊ីម្ដងទៀតនោះទេ។
អត្ថបទដោយ៖ Nevin
ប្រភព៖ ក្នុងស្រុក