
កាលពីថ្ងៃទី១២ ម្សិលមិញនេះ អឺរ៉ុបបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាជាស្ថាពរ ដោយគ្មានការពន្យាពេលតាមការស្នើរសុំរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា និងសមាគមស្បែកជើងកម្ពុជានោះទេ។

សមាគមទាំង២ ខាងលើ ធ្លាប់បានលើកឡើងម្ដង ជាពីរដងមកហើយពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការដកប្រព័ន្ធអនុគ្រោះពន្ធមកលើរោងចក្រកាត់ដេរនៅកម្ពុជា និងកម្មករកាត់ដេរទាំងមូល។ ប៉ុន្តែការស្នើរសុំទាំងនោះ មិនទទួលបានផ្លែផ្កាអ្វីនោះទេ ពោលគឺអឺរ៉ុបនៅតែអនុវត្តកាដក EBA តាមកាលកំណត់ដដែល។

ស្របពេលជាមួយគ្នានេះដែរ កម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកការដកនេះ ហើយក្នុងពេលដ៏ខ្លីខាងមុខ កម្ពុជានឹងចុះហត្ថលេខាជាស្ថាពរលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ដែលទំនិញកម្ពុជាប្រមaណ ១ម៉ឺនមុខនឹងអាចនាំចេញទៅកាន់ប្រទេសចិនដោយគ្មានរបាំងគយ។

លើសពីនេះទៅទៀត កម្ពុជាកំពុងចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចំនួន ៨ផ្សេងទៀត ដើម្បីបង្កើនសក្តានុពលនៃការនាំចេញ និងជំនួសផលប៉ះពាល់នៃការបាត់បង់ EBA ដែលរួមមាន ប្រទេសកូរ៉េខាងត្បូង, ជប៉ុន, ឥណ្ឌា, អូស្រ្តាលី, ញូវហ្សាលែន, អាមេរិក, កាណាដា និងអង់គ្លេស។ មិនតែប៉ុណ្ណោះ បើតាមការបង្ហើបពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានឲ្យដឹងថា កម្ពុជាកំពុងព្យាយាមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសកូរ៉េខាងត្បូងឲ្យបានឆាប់បំផុតាមដែលអាចធ្វើទៅបាន។

សូមជម្រាបផងដែរថា EBA គឺជាប្រព័ន្ធអនុគ្រោះពន្ធគយ របស់សហភាពអឺរ៉ុប ដែលផ្តល់អោយប្រទេសក្រីក្រដោយប្តូរជាមួយនឹងការគោរពសិទ្ធិមនុស្ស-សេរីភាពជាមូលដ្ឋាន និងលទ្ធិប្រជាធិបតេយ្យ។ ចំណែក កិច្ចព្រមព្រៀងសេរី (FTA) ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលធ្វើឡើងរវាងប្រទេសពីរ ឬច្រើន ដើម្បីកាត់បន្ថយរនាំងពន្ធគយ ក្នុងការនាំចូលនិងនាំចេញទៅវិញទៅមក។
អត្ថបទដោយ៖ Nevin
