We TV Cambodia

ការជក់បារីអាចបង្កើនឱកាសក្នុងការឆ្លងជំងឺកូវីដ១៩

ការជក់បារីអាចបង្កើនឱកាសក្នុងការឆ្លងជំងឺកូវីដ១៩

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ


ស្វាយរៀង៖  អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម ហោ សារុន បានថ្លែងថាការប្រើប្រាស់ផលិតផលថ្នាំជក់រួមគ្នាដូចជាការបិទតាមបំពង់ខ្សៀ ដែលមានទឹកមាត់អាចចម្លងមេរោគវីរុសពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន ជាពិសេសគឺឱកាសនៃកាឆ្លងកូវីដ១៩។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីបរិស្ថានគ្មានផ្សែងបារី  ឯកឧត្តម ហោ សារុន បានឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំគឺស្នើសុំការគាំទ្រជំរុញអនុវត្តន៍ច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តិក្រោមច្បាប់នេះ ក្នុងលើកទឹកចិត្តប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជនវិស័យទេសចរណ៍ ឲ្យចូលរួមផ្សព្វផ្សាយបរិស្ថានគ្មានផ្សែងបារីដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិព្រមទាំងប្រជាពលរដ្ឋទូទៅក្នុងការលើកកម្ពស់សុវត្ថិភាពសុខមាលភាព របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលថ្នាំជក់។

ទន្ទឹមនឹងនោះ លោកក៏បានផ្តល់ជាមតិអប់រំណែនាំពីផលប៉ះពាល់នៃការជក់បារីដែលងាយរងគ្រោះក្នុងការទទួលជំងឺឆ្លងកូវីដ១៩ និងបានវាយតម្លៃដល់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ និងជាពិសេសគ្រោងជំរុញទីក្រុងស្វាយរៀង និងក្រុងបាវិតជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីក្នុងបំណាច់ឆ្នាំ ២០២១ ខាងមុខនេះ។

ឯកឧត្តមក៏បានបញ្ជាក់ថាលើសពីនេះទៀត ប្រជាពលរដ្ឋគ្រប់រូបត្រូវប្រកាន់យកការរស់នៅតាមទម្លាប់ថ្មីដែល ប្រជាពលរដ្ឋយើងត្រូវចេះលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ អាកុល ឬជែលលាងដៃ ពាក់ម៉ាកឬក្រមា ឈរឬអង្គុយឃ្លាតគ្នាតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងគម្លាតសុវត្ថិភាពសង្គមហើយជាពិសេសទៀត ត្រូវចូលរួមកត់ឈ្មោះដើម្បីជាការងាយស្រួលក្នុងការតាមដានករណីដែលមានបញ្ហាកើតឡើង។

 

Related Articles