We TV Cambodia

ការឆ្លងកូវីដ១៩ ជាថ្មី កំពុងសម្លាប់ក្ដីសង្ឃឹមអាជីវកម្មជាច្រើន

ការឆ្លងកូវីដ១៩ ជាថ្មី កំពុងសម្លាប់ក្ដីសង្ឃឹមអាជីវកម្មជាច្រើន

គិតមកទល់ពេលនេះ កូវីដ១៩ បានធ្វើទុក្ខបុកម្នេញក្នុងប្រទេសកម្ពុជាជាង ៨ខែមកហើយ ដោយអាជីវកម្មរាប់រយនៅកម្ពុជាបានសម្រេចបិទទ្វាជាបណ្ដោះអាសន្ន ខណៈដែលអាជីវកម្មរាប់ម៉ឺនផ្សេងទៀត ខំប្រឹងរស់ទាំងត្រដាបត្រដួស ស្ទើរផុតដង្ហើមម្ដងៗ ហើយប៉ុន្មានខែចុងក្រោយនេះអាជីវកម្មទាំងនោះក៏មានដង្ហើមដកឡើងវិញបន្ទាប់ពីកូវីដ១៩ នៅកម្ពុជាហាក់ស្ងប់ស្ងាត់ និងស្ថិតក្នុងការគ្រប់គ្រងបាន។

ទោះយ៉ាងណា ក្ដីសង្ឃឹមរបស់អាជីវកម្មទាំងនោះ ក៏បានស្លាប់បាត់ទៅវិញបន្ទាប់ពីមានការផ្ទុះឆ្លងកូវីដ១៩ ជាលក្ខណៈសហគមន៍ក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះ ហើយគេក៏មិនដឹងថាពេលណាទើបស្ថានការន៍អាចវិលត្រឡប់ទៅរកភាពដើមវិញបានដែរ។

មួយវិញទៀត អាជីវកម្មទាំងនោះបានបន្តរស់ទាំងគ្មានប្រាក់ចំណេញអស់រយៈពេលជាច្រើនខែមកហើយ ហើយក៏គ្មានការជួយពីស្ថាបនណាមួយដើម្បីសម្រួលផលវិបាករបស់អាជីវកម្មក្នុងស្រុកដែរ។ មិនតែប៉ុណ្ណោះ ទម្រាំតែស្ថានភាពអាចវិលទៅរកភាពល្អប្រសើរវិញបាន គឺត្រូវចំណាយពេលរាប់ខែឯណោះ។

សូមបញ្ជាក់ថា រដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំនៅមិនទាន់រកឃើញប្រភពនៃការឆ្លងនេះនៅឡើយទេ ហើយក៏មិនទាន់អាចគ្រប់គ្រងអ្នកដែលបានប៉ះពាល់ជាមួយនឹងអ្នកឆ្លងកូវី១៩ ដែលជាភរិយារបស់អគ្គនាយកពន្ធនាគារបាននោះដែរ ហើយត្រឹមតែរយៈពេល ២ថ្ងៃប៉ុណ្ណោះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ រហូទដល់ ១៤នាក់ឯណោះ។

អត្ថបទដោយ៖ Nevin

Related Articles