We TV Cambodia

ការចុះអនុស្សារណៈរវាង ក្រសួងពាណិជ្ជកម្ម ជាមួយផ្សារម៉ាក្រូដើម្បីធានាតម្លៃ និងពង្រីកទីផ្សារកសិផល

ការចុះអនុស្សារណៈរវាង ក្រសួងពាណិជ្ជកម្ម ជាមួយផ្សារម៉ាក្រូដើម្បីធានាតម្លៃ និងពង្រីកទីផ្សារកសិផល

នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) និងក្រុមហ៊ុន ម៉ាក្រូ (ខេមបូឌា) ឯ.ក (ផ្សារ makro) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពី ការអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ ឯកឧត្តមទីប្រឹក្សាក្រសួងពាណិជ្ជកម្ម លោក យុទ្ធភូមិ ចារើនស៊ុក នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនម៉ាក្រូ (ខេមបូឌា) ឯ.ក លោកអគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) និងក្រុមការងារមកពីភាគីទាំងពីរជាច្រើនរូបទៀត។

ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការនៃក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា គម្រោងអេមស៍ និងផ្សារម៉ាក្រូបានឯកភាពគ្នាចុះអនុស្សរណៈយោគយល់គ្នានេះឡើង ព្រោះយើងមានគោលដៅសំខាន់ៗរួមគ្នា ដែលមានដូចជា៖ បង្កើតកិច្ចសហប្រតិបត្តិការ ដើម្បីផ្សព្វផ្សាយផលិតផលរបស់ប្រទេសកម្ពុជាតាមរយៈគូភាគី, កំណត់រកឱកាសសម្រាប់សកម្មភាពសហការគ្នា និងកម្មវិធីនានាដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកដល់គូភាគី, បង្កើតឱកាសសហការដែលបានកំណត់ ស្របទៅតាមគោលដៅ អត្ថប្រយោជន៍ និងគំរូអាជីវកម្មសំខាន់ៗរបស់ភាគីនីមួយៗ, ធ្វើជាដៃគូយុទ្ធសាស្រ្តសម្រាប់ដោះស្រាយបញ្ហាប្រឈម និងនិរន្តភាពនៅក្នុងបរិបទនៃផលិតកម្មកសិ-ពាណិជ្ជកម្ម ផលិតផលកែច្នៃក្នុងស្រុក ផលិតផលរបស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក និងបញ្ហាទីផ្សារ។

ការងារនេះគឺជាចំណុចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការដ៏មានសំខាន់មួយរវាងភាគីទាំងពីរ នៅជំហានជាយុទ្ធសាស្រ្តបន្ទាប់ទៀត ភាគីទាំងពីរត្រូវពង្រីកកិច្ចសហប្រតិបត្តិការលើផលិតផលកសិ-ពាណិជ្ជកម្មសក្តានុពលអង្ករ ក៏ដូចជាផលិតផល ដែលគម្រោងនឹងពង្រីកវិសាលភាពអនុវត្ត និងផលិតផលសម្រេចរបស់សហគ្រាស​ធុនតូច និងមធ្យមកម្ពុជាផ្សេងៗទៀត ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនដល់បងប្អូនប្រជាពលរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាពិសេសរួមចំណែកដល់ការលើកស្ទួយយុទ្ធនាការប្រើប្រាស់ផលិតផលក្នុងស្រុកស្របតាមគោលនយោបាយជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច គឺជាគម្រោងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) គម្រោងនេះដឹកនាំប្រតិបត្តិដោយក្រសួងពាណិជ្ជកម្ម និងមានគោលដៅលើកស្ទួយ វិបុលភាពកសិករខ្នាតតូចកម្ពុជា តាមរយៈបង្កើនផលចំណេញកាន់តែច្រើនដោយតភ្ជាប់កសិ-ពាណិជ្ជកម្ម និងទីផ្សារ ដោយប្រតិបត្តិការនៅ ១៨ខេត្ត និងអន្តរាគមលើខ្សែច្រវ៉ាក់តម្លៃទំនិញពាណិជ្ជចំនួន៥ ដូចជា បន្លែ មាន់ស្រែ ស្រូវ ដំឡូងមី និងសូត្រឆៅ។

ដោយ៖ Stince

Related Articles