កសិករម្នាក់ក្នុងខេត្តតាកែវអាចរកចំណូលបានប្រមាណ ៦ ទៅ ៧ម៉ឺនដុល្លារក្នុងមួយឆ្នាំៗពីការចិញ្ចឹមបង្កង។ នេះបើយោងតាមការឲ្យដឹងតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។
លោក ព្រំ វ៉ាត ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងក្នុងខេត្តតាកែវ បានរៀបរាប់ពីដំណើរដើមទងនៃការចិញ្ចឹមបង្កងថាលោកបានចិញ្ចឹមបង្កងតាំងពីឆ្នាំ២០០៧ មកម្លេះ ហើយបច្ចុប្បន្នមាន ១០ស្រះស្ថិតលើផ្ទៃដី ៤,៥ហត ដែលទទួលបានទិន្នផលពី ២ ទៅ ៣តោនក្នុងមួយស្រះ ដោយដាក់កូនចិញ្ចឹម ៥ម៉ឺនកូន។ លោកភ្ញាស់កូនចិញ្ចឹមបាន ៦០ម៉ឺនកូនក្នុងមួយឆ្នាំ សម្រាប់ចិញ្ចឹមក្នុងកសិដ្ឋាន និងលក់ចែកចាយឲ្យអ្នកចិញ្ចឹមនៅទូទាំងខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ហើយជាធម្មតាបង្កងចិញ្ចឹមរយ:ពេល ៧ ទៅ ៨ខែ និងមានទម្ងង់ ១០ក្បាលក្នុងមួយគីឡូក្រាម ដែលអាចលក់បានក្នុងតម្លៃ ៦ ទៅ ៧ម៉ឺនរៀលក្នុងមួយគីឡូក្រាម។
លោកបន្តថា ក្រៅពីផលិតកម្មបង្កង លោកបានវិនិយោគលើប្រព័ន្ធធារាសាស្រ្តខ្នាតតូច ដើម្បីផ្គត់ផ្គង់ទឹកឲ្យកសិករធ្វើស្រែបាន ៣ដងក្នុង១ឆ្នាំ ដោយគិតសេវាបូមទឹក ២៥ម៉ឺនរៀលក្នុងមួយហិកតា។ បើគិតចំណូលរួមទាំងសេវាកម្ម បូមទឹក និងចំណូលពីកសិដ្ឋានបង្កង លោកអាចរកចំណូលបានចន្លោះពី ៦ ទៅ ៧ម៉ឺនដុល្លារក្នុងមួយឆ្នាំ។
ឯកឧត្តមវេង សាខុន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោក ព្រំ វ៉ាត ដែលទទួលបានជោគជ័យក្នុងរបរចិញ្ចឹមបង្កងនេះ រួមនឹងមុខរបរផ្សេងៗទៀតដែលអាចបង្កើនចំណូលលោកបានច្រើនគួរសម។ មិនតែប៉ុណ្ណោះ ការចែករំលែកចំណេះដឹង និងបទពិសោធន៍ចិញ្ចឹមដល់ដៃគូចិញ្ចឹមគឺជាមធ្យោបាយដ៏ល្អប្រសើរសម្រាប់ធ្វើការពង្រីកអាជីវកម្មចិញ្ចឹមបង្កងឲ្យមានការរីកដុះដាលទូទាំងខេត្តតាកែវ និងក្រៅតំបន់ ដើម្បីចូលរួមធានាបរិមាណផ្គត់ផ្គង់បង្កងឲ្យទីផ្សារក្នុងស្រុកដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នការចិញ្ចឹមបង្កងហាក់កំពុងមានការស្ទុះឡើងខ្លាំងទាំអការចិញ្ចឹម តម្រូវការទីផ្សារ និងការផ្ដល់ចំណូលត្រឡប់មកវិញដល់កសិករ ហើយបងប្អូនប្រជាកសិករដទៃទៀតដែលមានដីទំនេរ ក៏អាចពិចារណាក្នុងការចិញ្ចឹមបង្កងបានផងដែរ។
អត្ថបទដោយ៖ Nevin