We TV Cambodia

កាយឃ្លាតទៅឆ្ងាយមែនពិត តែសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី បានបន្សល់ទុកនូវទេពកោសល្យពិសេស ដែលពុំអាចបំភ្លេចបាន

កាយឃ្លាតទៅឆ្ងាយមែនពិត  តែសម្តេចរាជបុត្រីព្រះរៀម  នរោត្តម  បុប្ផាទេវី  បានបន្សល់ទុកនូវទេពកោសល្យពិសេស ដែលពុំអាចបំភ្លេចបាន

 

រូបថតៈ We TV Cambodia / Miller

 
 

ដោយ៖ ហួ ឆេង​ស៊ីម

នាពេលថ្មីៗនេះ សម្ដេច រាជបុត្រី ព្រះរៀម​នរោត្តម បុប្ផាទេវី ដែលត្រូវបានទទួលព្រះបរមងារថា«ទេពនាថរដ្តីឯក»និងជា«មរតកមនុស្សរស់របស់កម្ពុជា»បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម៧៦ព្រះវស្សានា វេលាម៉ោង ១២:៣០ នាថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ២០១៩ ក្នង មន្ទីរពេទ្យ ព្រះរាជាណាចក្រថៃ ដោយជរាពាធ ។ នេះបើតាម ការ ផ្សាយរបស់ហ្វេសប៊ុក Royal du Cambodge។

ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា​ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា​ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ​បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ។

សម្តេច នរោត្តម បុប្ផាទេវី  ទ្រង់បានរៀនរបាំព្រះរាជទ្រព្យក្នុងព្រះបរមរាជវាំងតាំងពីព្រះជន្ម៥ព្រះវស្សាមកម្ល៉េះ​។ ទេពកោសល្យ ពិសេស ផ្នែក របាំ ព្រះរាជ ទ្រព្យ របស់ ព្រះរាជ បុត្រី នរោត្តម​បុប្ផាទេវី មិនមែនកើតឡើងដោយរឿងចៃដន្យនោះឡើយ តែវាជារឿងសក្តិសមណាស់ដែលព្រះអង្គត្រូវតែមាជំនាញ​ផ្នែកនេះជាងគេ ។

ព្រះអង្គជាសាស្ត្រាចារ្យរបាំបុរាណក្នុងក្របខណ្ឌក្រសួងអប់រំចន្លោះពីឆ្នាំ១៩៦០ដល់ឆ្នាំ១៩៧០។ នារបប ប៉ុល ពត មកដល់ ព្រះអង្គ បានភៀសព្រះកាយទៅរស់នៅក្នុងជំរុំជនភៀសខ្លួន​ខ្មែរ – ថៃ មួយរយៈ ហើយមុននឹងបន្តទៅរស់នៅប្រទេសបារាំងព្រះអង្គបានបង្ហាត់បង្រៀនប្រជាជនខ្មែរដែលរស់នៅក្នុងជំររុំអំពីរបាំព្រះរាជទ្រព្យនេះ។

បើទោះបីជា សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី​មានវ័យចំណាស់មិនអាចសម្តែងរបាំ ព្រះរាជទ្រព្យ ដោយខ្លួនឯងក្តីក៏ទ្រង់នៅតែបង្រៀន​និងដឹកនាំសិស្សរបស់ទ្រង់ផ្នែករបាំព្រះរាជទ្រព្យទៅសម្តែងនៅ បរទេសមានដូចជានៅប្រទេសចិន​បារាំង និងឥណ្ឌាជាដើម ។

ស្នាដៃសំខាន់របស់ទ្រង់គឺការនាំឲ្យមានការបញ្ចូលរបាំព្រះរាជទ្រព្យជាបេតិកភណ្ឌវប្បធម៌ អរូបី នៃ មនុស្សជាតិ នៅអង្គការយូណេស្កូ នៅ ថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣ ។ទាំងនេះហើយជាស្នាដៃ ទេពកោសល្យ និងការខិតខំដ៏ថ្លៃថ្លាដែលកូនខ្មែរគ្រប់រូបមិនអាចបំភ្លេចបាន ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *