
ដោយៈ ទិន សុខាវុធ
កសិដ្ឋានផលិតថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យដ៏ធំមួយ លាតសន្ធឹងលើផ្ទៃដី ១១៥ ហិកតា ស្ថិតក្នុងស្រុកឧដុង្គខេត្តកំពង់ស្ពឺ ត្រូវបានបំពាក់បន្ទះសូឡាបន្ថែមទៀត ក្នុងគោលបំណងធ្វើអោយកសិដ្ឋានមួយនេះ មានសមត្ថភាពអាចផលិតថាមពលអគ្គិសនីបានរហូតដល់ទៅ ៨០ មេហ្កាវ៉ាត់ ដើម្បីជៀសវាងការខ្វះខាតថាមពលអគ្គិសនីនារដូវប្រាំងខាងមុខនេះ។
លោក កែវ រតនៈ អគ្គនាយកនៃអគ្គិសនីកម្ពុជា (EDC) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កសិដ្ឋានផលិតថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យមួយនេះ កាលពី ៥ ខែមុន មានសមត្ថភាពអាចផលិតថាមពលអគ្គិសនីបានចំនួនត្រឹមតែ ៦០ មេហ្កាវ៉ាត់តែប៉ុណ្ណោះ។ ក៏ប៉ុន្តែ បន្ទាប់ពីត្រូវបានបំពាក់បន្ទះសូឡាបន្ថែមទៀត កសិដ្ឋានមួយនេះ នៅពេលបច្ចុប្បន្ន អាចផលិតថាមពលអគ្គិសនី បានរហូតដល់ទៅ ៨០ មេហ្កាវ៉ាត់ ពោលគឺ ២០ មេហ្កាវ៉ាត់ច្រើនជាងមុន។
យោងតាម EDC សព្វថ្ងៃនេះ កម្ពុជាមានកសិដ្ឋានផលិតថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យចំនួន ៤ កន្លែងគឺ៖ កសិដ្ឋានក្នុងខេត្តពោធិសាត់អាចផលិតថាមពលអគ្គិសនីបានចំនួន ៣០ មេហ្កាវ៉ាត់ កសិដ្ឋានក្នុងខេត្តបាត់ដំបង ៦០ មេហ្កាវ៉ាត់ កសិដ្ឋានក្នុងខេត្តបន្ទាយមានជ័យ ៣០ មេហ្កាវ៉ាត់ និងកសិដ្ឋានក្នុងក្រុងបាវិត ខេត្តស្វាយរឿង ២០ ម៉េហ្កាវ៉ាត់។
មួយវិញទៀត យោងតាមរបាយការណ៍របស់ EDC កាលពីឆ្នាំ ២០១៨ កន្លងទៅនេះ កម្ពុជាមានសមត្ថភាពអាចផលិតថាមពលអគ្គិសនីសំរាប់តំរូវការក្នុងស្រុកបានចំនួនប្រមាណជា ២,៦៥០ មេហ្កាវ៉ាត់។ ដោយឡែក ការនាំចូលថាមពលអគ្គិសនីពីបណ្តាប្រទេសជិតខាងមានចំនួន ៤៤២ មេហ្កាវ៉ាត់។ ប្រទេសដែលលក់ថាមពលអគ្គិសនីអោយកម្ពុជាមានប្រទេស ថៃ វៀតណាម និង ឡាវ ៕
