
ដោយៈ ទិន សុខាវុធ
លោក វ៉ិចទ័រ ហ្សូណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ក្រសួងរបស់លោកកំពុងពិនិត្យលើទិដ្ឋភាពច្បាប់ នៃការផ្ទេរសិទ្ធិអភិវឌ្ឍកសិដ្ឋានបន្ទះសូឡាមួយ ស្ថិតក្នុងខេត្ត បន្ទាយមានជ័យ ដែលនឹងត្រូវសង់ឡើងនៅលើផ្ទៃដីប្រមាណជា ៤០ ហិកតា ហើយដែលនឹងមានសមត្ថភាពអាចផលិតថាមពលអគ្គិសនីបានរហូតដល់ប្រមាណជា ៣០ មេហ្កាវ៉ាត់។
ការពិនិត្យការផ្ទេរសិទ្ធិនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនថៃ B.Brimm កាលពីខែ វិច្ឆិកា កន្លងទៅ បានសំរេចទិញភាគហ៊ុនពីក្រុមហ៊ុន Ray Power Supply Co Ltd ក្នុងតំលៃ ៣០០,០០០ ម៉ឺនដុល្លារ។
តាមរយៈការលក់ភាគហ៊ុននេះ ក្រុមហ៊ុន B.Grimm នឹងមានសិទ្ធិសាងសង់កសិដ្ឋានបន្ទះសូឡាមួយ នៅលើផ្ទៃដីទំហំ ៤០ ហិកតា ហើយដែលនឹងមានសមត្ថភាពអាចផលិតថាមពលអគ្គិសនីបានរហូតដល់ទៅ ៣០ មេហ្កាវ៉ាត់ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។
គំរោងកសិដ្ឋានបន្ទះសូឡានេះ នឹងត្រូវសង់រួចនៅខែ តុលា ឆ្នាំ ២០២០ ខាងមុខនេះ។ ហើយកសិដ្ឋានមួយនេះនឹងអាចដំណើរការផលិតថាមពលអគ្គិសនីក្នុងឆ្នាំ ២០២១ ។
បើតាមតួលេខរបស់រាជរដ្ឋាភិបាល រហូតមកដល់ពេលបច្ចុប្បន្ននេះ កសិដ្ឋានបន្ទះសូឡាពីរកន្លែងកំពុងតែដំណើរការផលិតថាមពលអគ្គិសនីបានចំនួនសរុប ៩០ មេហ្កាវ៉ាត់។ ក្រៅពីនេះ គំរោងកសិដ្ឋានបន្ទះសូឡាចំនួន ៧ គំរោងទៀត ដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាល គ្រោងនឹងអាចផលិតថាមពលអគ្គិសនីសរុបបានចំនួន ៤១០ មេហ្កាវ៉ាត់ នៅត្រឹមឆ្នាំ ២០២២ ៕
