We TV Cambodia

កសិដ្ឋានចិញ្ចឹមត្រី មួយកន្លែងនេះ អាចរកបានប្រាក់ចំណូល ចន្លោះពី ១០ – ១៥ម៉ឺនដុល្លា រយៈពេល៨ខែ

កសិដ្ឋានចិញ្ចឹមត្រី មួយកន្លែងនេះ អាចរកបានប្រាក់ចំណូល ចន្លោះពី ១០ – ១៥ម៉ឺនដុល្លា រយៈពេល៨ខែ

លោក ហោង ទ្រី មានទីលំនៅ ស្ថិតក្នុងភូមិក្អមសំណលើ ឃុំក្អមសំណរ ស្រុកលើកដែកបាន ឲ្យដឹងថា​កសិដ្ឋានចិញ្ចឹមត្រីនេះបានដំណើរការជាង ១០ឆ្នាំហើយ បច្ចុប្បន្ន​កសិដ្ឋានមានសមត្ថភាពផលិតកូនត្រីពូជ និងចិញ្ចឹមត្រីយកសាច់មានដូចជាត្រីប្រា ត្រីឆ្តោ និងត្រីសណ្តាយ នៅលើផ្ទៃដីចំនួនសរុបចំនួន៥៣ ១០០ម៉ែត្រការ៉េដែលមានស្រះសរុបចំនួន ១០ ស្រះ ក្នុងនោះស្រះដែលមានទំហំ ៨០ម x ៩០ម មានចំនួន០៦ស្រះ ដោយស្រះនីមួយៗដាក់កូនត្រីពូជចាប់ពី ១០-១២ម៉ឺនកូន ហើយស្រះទំហំ ៤៥ម x ៧០ម មានចំនួន ០៤ ស្រះ ដែលក្នុង ០១ស្រះដាក់កូនពូជចាប់ពី ៥-៦ម៉ឺនក្បាល។

ចំពោះការចិញ្ចឹម ដោយអនុវត្តតាមគោលការណ៍បច្ចេកទេសចិញ្ចឹមត្រីដូចជាការផ្តល់ចំណី ការសំអាតស្រះ ការគ្រប់គ្រង ប្រើប្រាស់ និងសម្អាតទឹក។ល។ រួមផ្សំជាមួយពូជល្អ ចំណីមានគុណភាព លក្ខខណ្ឌចិញ្ចឹមអំណោយផល និងការថែទាំ នោះអាចប្រមូលផលបានក្នុងរយ:ពេលតែ ៨ខែ ហើយស្រះធំគិតជាមធ្យមប្រមូលផលបាន ៦៥- ៧០តោន គិតជាសាចប្រាក់លក់បានជាង ១០-១៥ម៉ឺនដុល្លារ។ បច្ចុប្បន្នតម្លៃត្រីឆ្តោ ១ ០០០- ១១ ៥០០រៀល/គ.ក្រ។

ឯកឧត្ដម វេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកាន់យករបរចិញ្ចឹមត្រីដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចូល។ បើទោះជាតម្រូវការទីផ្សារ និងតម្លៃមានការធ្លាក់ចុះបន្តិចក្តី ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យលោក ហោ ទ្រី ត្រូវបន្តរក្សាមុខរបរនេះ រង់ចាំស្ថាន​ភាព​ល្អប្រសើរឡើងវិញ ពីព្រោះនេះគឺជាអាជីពយ៉ាងរឹងមាំ និងជាប្រភពចំណូលក្នុងគ្រួសារ និងសេដ្ឋកិច្ចជាតិ។ ដោយសារបទពិសោធន៍ និងចុះទុនវិនិយោគជាច្រើន ដូច្នេះត្រូវអត់ធ្មត់ តស៊ូរង់ចាំឱកាសល្អវិញ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការអំពាវនាវដល់អាជ្ញាធរ ស្ថាប័នមានសមត្ថកិច្ចជួយកាត់បន្ថយការនាំចូលត្រីពីប្រទេសជិតខាង ហើយអ្នកបរិភោគគួរងាកមកប្រើប្រាស់ ឬបរិភោគផលិតផលក្នុងស្រុកវិញដើម្បីជួយជំរុញកំណើនផលិតកម្មក្នុងស្រុកឲ្យកាន់តែកើនឡើងទាំងបរិមាណ និងតម្លៃ ជាពិសេស លោកសុំឲ្យអ្នកវិនិយោគក្នុង​ស្រុក​ងាក​មកចាប់អារម្មណ៍លើវិស័យកសិកម្ម ដើម្បីចូលរួមបង្កើនផលិតកម្មស្បៀង ផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុក និងនាំចេញ។

ដោយ៖ Stince

Related Articles