We TV Cambodia

កសិដ្ឋានចិញ្ចឹមគោគិរីសួគ៌ នឹងពង្រីកការចិញ្ចឹមឲ្យដល់ភូមិប្រជាជនតែម្ដង

កសិដ្ឋានចិញ្ចឹមគោគិរីសួគ៌ នឹងពង្រីកការចិញ្ចឹមឲ្យដល់ភូមិប្រជាជនតែម្ដង
កសិដ្ឋានគិរីសួគ៌ (ប្រភព៖ info.gov)

​កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ នឹងពង្រីកការចិញ្ចឹមរបស់ខ្លួនឲ្យដល់ភូមិប្រជាជនរស់នៅតែម្ដង ដើម្បីពង្រីកសង្វាក់ផលិតកម្មឲ្យស្របទៅតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។

កសិដ្ឋានគិរីសួគ៌ (ប្រភព៖ info.gov)

លោក ឈរ រិទ្ធី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Khmer Fresh Milk Co.,Ltd និង​ជា​ប្រតិបត្តិ​ករ​កសិដ្ឋាន​គិរី​សួគ៌​បានឲ្យដឹងថា «​យើង​អាច​ពង្រីក​បាន​ធំ​តាម​តម្រូវការ​ទីផ្សារ យើង​នឹង​ឱ្យ​ប្រជាជន​ចិញ្ចឹម​គោ ហើយ​យើង​ប្រាប់​បច្ចេកទេស​ដល់​គាត់ ដោយព្រលឹម​ឡើង​បឺត​ទឹកដោះគោ​យកមក​រោងចក្រ​ចម្រាញ់​របស់​យើង​។ យើង​មាន​កន្លែង​ពិសោធន៍​ដោយ​ខ្លួនឯង ពិសោធន៍​ទឹកដោះគោ​ដែល​យើង​ទិញ​ពី​ប្រជាជន​ ដើម្បី​រក្សា​គុណភាព​កុំឱ្យ​មានការ​ប្រែប្រួល យើង​នឹង​ប្រាប់​ប្រជាជន​ពី​របៀប​ឱ្យ​ចំណី ឱ្យ​ទឹក​ផឹក ​និង​របៀប​យក​ទឹកដោះ​ឱ្យមាន​គុណភាព​»​។

កសិដ្ឋានគិរីសួគ៌ (ប្រភព៖ info.gov)

កសិដ្ឋានគិរី​សួគ៌គ្របដណ្ដប់លើ​ផ្ទៃ ​៣០០​ហិកតា ដែលមាន​គ្រប់​សង្វាក់​ផលិតកម្ម​ទាំងអស់ដូចជា ក្រោលគោ កន្លែង​ពិសោធន៍ រោងចក្រ​ផលិត​ទឹកដោះគោ​ស្រស់ កន្លែង​ដាំ​ស្មៅ​ស្តៃ​ឡូ​ (Stylo) មូ​ម​បា​សា ​(Mombasa) ដាំពោត​សម្រាប់ធ្វើ​ចំណី​គោ កន្លែង​ស្តុក ចំណី​គោ កន្លែង​ធ្វើ​ផ្អក​ស្មៅ កន្លែង​ទុក​គ្រោង​ចក្រ កន្លែង​បូមទឹក​ស្រោចស្រព​ស្មៅ និង​ការដ្ឋាន​ពាក់ព័ន្ធ​មួយចំនួនទៀត​។

កសិដ្ឋានគិរីសួគ៌ (ប្រភព៖ info.gov)

ជាមួយនឹងកសិដ្ឋាន​ដែលមាន​សង្វាក់​ផលិតកម្ម​ដ៏​ច្រើន​បែបនេះវាបានផ្ដល់បន្ទុកដល់ការពង្រីកសង្វាក់​ផលិតកម្ម ដោយលោក រិទ្ធី បាន​លើកឡើងថា នៅ​ស្រុក​គេ​អត់​សូវ​មានក្រុមហ៊ុន​ដែល​ដាំ​ស្មៅ​ផង ចិញ្ចឹម​គោ​ផង ហើយ​ធ្វើ​រោងចក្រ​កែច្នៃ​ផង​ទេ ភាគច្រើន​មាន​ក្រុមហ៊ុន​ដាំ​ស្មៅ​ដោយឡែក កសិដ្ឋាន​ចិញ្ចឹម​គោ​ដោយឡែក ចំណែកឯ​រោងចក្រ​ផលិត​ទឹកដោះគោ​ចាំតែ​ប្រមូល​ទិញ​យកមក​កែច្នៃ​តែម្តង​។

កសិដ្ឋានគិរីសួគ៌ (ប្រភព៖ info.gov)

សូមបញ្ជាក់ថា កសិដ្ឋាន​គិរី​សួគ៌​ស្ថិតនៅ​ភូមិ​ឱ​ភា​សាំង ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ ដែលបាន​នាំចូល​ពូជ​គោ​យក​ទឹកដោះ​មកពី​ប្រទេស​អូស្ត្រាលី​ចំនួន ៥៥០​ក្បាល​កាលពីដើមឆ្នាំ​២០២០ ​សម្រាប់​ចិញ្ចឹម​យក​ទឹកដោះ​មក​កែច្នៃ​ជា​ទឹកដោះស្រស់ ជា​ប៊ឺ​រ និង​ទឹកដោះគោ​ជូរ​ និងមានទុន​វិនិយោគ​ចំនួន ​១៥​លាន​ដុល្លារ​អាម៉េរិក​។

អត្ថបទដោយ៖ Nevin

Related Articles