We TV Cambodia

កសិករ​ខេត្ត​ព្រៃវែង​​ទទួល​បាន​ឡ​ជីវ​ឧស្ម័ន​​​ចំនួន ២០០ ពី​មហាមិត្ត​ចិន​

កសិករ​ខេត្ត​ព្រៃវែង​​ទទួល​បាន​ឡ​ជីវ​ឧស្ម័ន​​​ចំនួន ២០០ ពី​មហាមិត្ត​ចិន​
រូបភាពៈ ក្រសួង​កសិកម្ម

ដោយៈ ទិន សុខាវុធ

កសិករ​នៅ​ខេត្ត​ព្រៃ​វែង ទទួល​បាន​​ឡផលិត​ជីវឧស្ម័ន​​ចំនួន ២០០ បន្ថែម​ទៀត​ពី​មហាមិត្ត​ចិន​ ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃ​វែង​។

លោក ចែន វីសល ប្រធាន​ការិយាល័យ​បសុសត្វ​នៃ​មន្ទី​រ​កសិកម្ម​ខេត្ត​ព្រៃវែង កាល​ពី​ម្សិល​ម៉ិញ បាន​អោយ​ដឹង​ថា មហាមិត្ត​ចិន​បាន​ផ្តល់​អំណោយ​ជា​ឡ​ជីវឧស្ម័ន​​ចំនួន ២០០ បន្ថែម​ទៀត សំរាប់​ចែក​ចាយ​អោយ​ដល់​ប្រជាកសិករ​នៅ​ក្នុង​ខេត្ត​របស់​លោក​។

យោង​តាម​លោក វីសល ឡ​ជីវឧស្ម័​ទាំងនោះ​នឹង​ត្រូវ​យក​ទៅ​ចែកចាយ​អោយ​ដល់​គ្រួសារ​ប្រជាកសិករ​ទាំងឡាយ​ណា​ ដែល​មានគោ​ចាប់​ពី​ ១០ ក្បាល​ឡើង​ទៅ និង​ជ្រូក​ឬ​មាន់ចាប់​​ពី ៥០ ក្បាល​ឡើង​ទៅ​​។ ក៏ប៉ុន្តែ​ កសិករ​ដែល​ត្រូវ​ទទួល​បាន​​ឡជីវឧស្ម័ន​ទាំងនោះ ត្រូវ​ចេញ​ថ្លៃ​ដឹក​ជញ្ជូន​និង​ថ្លៃ​តំឡើង​ ដោយ​ពួកគេ​ផ្ទាល់​។ ហើយ​ពួក​គេ​ត្រូវ​​ប្រើប្រាស់​លាមក​សត្វ​ចិញ្ចឹម​របស់​ពួក​គេ​ជា​វត្ថុធាតុ​ដើម ក្នុង​ការផលិត​ជីវឧស្ម័ន​​។

លោក​បាន​បន្ថែម​ទៀត​ថា ចាប់​តាំង​ពី​ឆ្នាំ ២០០៨ មក តាម​រយៈ «​កម្មវិធី​ឡ​​ជីវ​ឧស្ម័ន​​ជាតិ»​ ខេត្ត​របស់​លោក​បាន​ទទួល​ឡ​ជីវឧស្ម័ន​បាន​ជាង ២,៥០០ ឡ​ហើយ​។

កាល​ពី​ខែ កញ្ញា ឆ្នាំ ២០១៩ កន្លង​ទៅ ប្រទេស​ចិន តាម​រយៈ​ស្ថាទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​ប្រគល់​ឡ​ផលិត​ជីវឧស្ម័ន​ចំនួន​ ១,៥០០ ឡ សរុប​ជា​ទឹក​ប្រាក់​ជាង ១ លាន​ដុល្លារ ​អោយ​ដល់​កម្ពុជា តាម​រយៈ​ក្រសួ​ង​កសិកម្ម​។

បណ្តា​ឡ​ជីវឧស្ម័ន​ទាំង​នោះ​នឹង​ត្រូវ​បែងចែក​បន្តទៅ​ទៀត​អោយ​ទៅ​ខេត្ត​ផ្សេង​ៗ​ មាន​ដូចជា​ខេត្ត​ ត្បូង​ឃ្មុំ ៣០០ ឡ កំពង់​ចាម​ ២០០ ឡ ព្រៃវែង ២០០ ឡ ស្វាយរៀង ២០០ ឡ កំពង់ឆ្នាំង ២០០ ឡ ពោធិសាត់ ២០០ ឡ និង​ខេត្ត ព្រះវិហារ ២០០ ឡ ។

ក្រសួង​កសិកម្ម​ក៏​បាន​អោយ​ដឹង​​​ទៀត​​ថា ឡ​ជីវឧស្ម័ន​ទាំងនោះ​​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ប្រជា​កសិករ​មាន​ជា​អាទិ៍​ដូច​ជា សំណល់​បាន​មក​ពី​ឡ​ទាំងនោះ​អាច​ប្រើប្រាស់​ជា​ជី​ធម្មជាតិ​ប្រកប​ដោយ​គុណភាព​ខ្ពស់​សំរាប់​ដំណាំ​គ្រប់​ប្រភេទ។

យ៉ាងណា​ម៉ិញ ឧស្ម័ន​ធម្មជាតិ​បាន​មក​ពី​ឡ​ទាំងនោះ​នឹង​ជួយ​កាត់​បន្ថយ​ការប្រើប្រាស់​អុស​និង​ធ្យូង ដែល​ជា​កត្តា​ធ្វើ​អោយ​បរិស្ថាន​នៅ​ជុំវិញ​ភូមិ​ស្ថាន​ស្អាត​ល្អ​ហើយ​ប្រកប​ដោយ​អនាម័យ​។​ ឧស្ម័ន​បាន​ពី​ឡ​ទាំងនោះ ក៏​​នឹង​អាច​ត្រូវ​យក​ទៅ​ប្រើប្រាស់​សំរាប់​ផលិត​ថាមពល​អគ្គិសនី​ផង​ដែរ​៕

Related Articles