បើយោងតាមការចុះផ្សាយផេកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា លោក ចាន់ សឿន ជាកសិករមួយរូប រស់នៅក្នុង ភូមិបន្ទាយឆ្មារ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានចាប់យករបរចិញ្ចឹមមាន់និងភ្ញាស់កូនមាន់លក់នេះ ដែលនេះជារបរចម្បងសម្រាប់រកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ដោយក្នុងមួយខែៗលោកអាចរកចំណូលបានរាប់លានរៀលឯណោះ។
កសិករ ចាន់ សឿន បានឲ្យដឹងទៀតថា លោកបានចាប់យករបរចិញ្ចឹមមាន់នេះអស់រយៈជាងមួយឆ្នាំមកហើយ បច្ចុប្បន្នលោកមានមាន់សរុបចំនួន ៨៤៥ ក្បាល ក្នុងនោះមានមាន់បាចំនួន ៤៥ ក្បាល មាន់មេពូជចំនួន ២០០ ក្បាល និងមាន់ចិញ្ចឹមយកសាច់ចំនួន ៦០០ ក្បាល។
លោកបានបន្ដទៀតថា ចំពោះការភ្ញាស់កូនមាន់វិញ គឺលោកមានទូរសម្រាប់ភ្ញាស់ ១គ្រឿង និងម៉ាស៊ីនកិនចំណី១គ្រឿង។ ហើយលោកចំណាយទៅលើចំណី ១៥០,០០០០រៀល ភ្លើងសម្រាប់ដាក់ទូភ្ញាស់កូនមាន់ ៣៤,០០០០រៀល ទឹកសម្រាប់ផ្គត់ផ្គង់មាន់ ៤,០០០០រៀល។
ងាកមកនិយាយរឿងចំណូលវិញ គឺគាត់បានប្រមាណ ៥,៧០០,០០០រៀលក្នុងមួយខែ ដោយបានពីការលក់មាន់សាច់ចំនួន ៥,០០០,០០០លានរៀល និងលក់កូនមាន់បានប្រមាណ ៧០០,០០០រៀល។
គួរជម្រាបផងដែរថា ក្នុងមួយខែៗលោក ចាន់ សឿន អាចរកប្រាក់ចំណេញពីរបរចិញ្ចឹមមាន់នេះបានប្រមាណ ៧០០,០០០រៀល។
អត្ថបទដោយ៖ ពិសី
