
កសិករមួយចំនួនក្នុងខេត្តបាត់ដំបងចាប់ផ្តើមប្រកបរមុខរបរចិញ្ចឹមពពែដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ បន្ទាប់ពីការងារដាំដុះ ដោយសារតែមុខរបរនេះកាន់តែមានទីផ្សារខ្ពស់ និងចំណូលច្រើនជាងមុន។

លោក ប៉ែន សេដ្ឋា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានឲ្យដឹងថា ប្រជាពលរដ្ឋនៅតាមស្រុកដែលនៅតំបន់ជួរភ្នំ និងជិតព្រំដែន នាំគ្នាចិញ្ចឹមសត្វពពែ ដោយសារតែតំបន់នោះសំបូរទៅដោយស្មៅ និងរុក្ខជាតិផ្សេងៗ ដែលជាចំណីអាហាររបស់ពួកសត្វទាំងនោះ ។

លោកបានបញ្ជាក់ថា សាច់សត្វពពែមានតម្លៃចន្លោះពី ២០,០០០រៀល ទៅ ២១,៥០០រៀលក្នុងមួយគីឡូក្រាម ខណៈដែលសត្វពពែមានទំងន់ចាប់ពី ២០គីឡូក្រោមឡើង ដូច្នេះវាបានលើកកម្ពស់សេដ្ឋកិច្ចគ្រួសារអោយកាន់តែធូធារជាងមុន មិនបាច់ធ្វើចំណាក់ស្រុកឡើយ។

លោក នង សាវី ជាអ្នកចិញ្ចឹមពពែ រស់នៅឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា ការចិញ្ចឹមពពែជាមុខរបរមួយដែលងាយស្រួលក្នុងការចិញ្ចឹម ដោយមិនត្រូវការចំណាយកម្លាំងច្រើន និងមានទីផ្សារខ្ពស់ផងដែរ។ ប៉ុន្តែ ការចិញ្ចឹមពពែងាយប្រឈមភាគច្រើន គឺជំងឺអុចក្តាម និងសារទឹក ប៉ុន្តែ ខាងមន្ទីរកសិកម្មបសុព្យាបាល និងអង្គការ JACA របស់ជប៉ុនក៏ចុះមកជាប្រចាំផងដែរដើម្បីចាក់ថ្នាំព្យាបាល ក៏ដូចជាបង្ហាត់បង្រៀនពីការចិញ្ចឹម និងការថែរក្សាវាផងដែរ ។

លោកបានបន្តថា ការចិញ្ចឹមពពែដើម្បីបានទំងន់ប្រហែល ២០គីឡូក្រោម ត្រូវការរយៈពេលពីចន្លោះ ៥ខែទៅ ៨ខែតាមពូជដែលល្អ រឺមិនល្អ។ ចំពោះការទិញពូជវិញ គឺទិញក្នុងឃុំជិតៗគ្នា ហើយពពែញី ២០ក្បាល អាចបង្កាត់ពូជជាមួយពពែឈ្មោល ១ក្បាល។

សូមបញ្ជាក់ថា សាច់ពពែមានប្រូតេអ៊ីនល្អជាងសាច់ដ៏ទៃទៀតដូចជា សាច់គោ មាន់ ជ្រូក ទា ហើយវាមានកាឡូរីតិចជាងសាច់គោ មាន់ ចៀម និងជ្រូក។ សមាគមផ្នែកសុខភាពបេះដូងនៃសហរដ្ឋអាមេរិក បានណែនាំឲ្យគ្រប់គ្នា បរិភោគសាច់ប្រភេទនេះ ព្រោះវាអាចជួយការពារមិនឲ្យយើងកើតជម្ងឺបេះដូង ការគាំងបេះដូង និងជម្ងឺមួយចំនួនទៀត ដែលតែងយាយីសុខភាពយើងដោយសារការបរិភោគសាច់ផ្សេងទៀត៕



អត្ថបទដោយ៖ Nevin
