We TV Cambodia

កសិករដាំដូងក្រអូបក្នុងខេត្តព្រះសីហនុមួយរូប អាចរកចំណូលបានជិត ១២ម៉ឺនដុល្លារក្នុងមួយខែៗ

កសិករដាំដូងក្រអូបក្នុងខេត្តព្រះសីហនុមួយរូប អាចរកចំណូលបានជិត ១២ម៉ឺនដុល្លារក្នុងមួយខែៗ
ដូងក្រអូប (ប្រភព៖ Google)

ប្រជាកសិករដាំដូងក្រអូបក្នុងខេត្តព្រះសីហនុ កំពុងតែទាញចំណូលយ៉ាងច្រើនពីដំណាំមួយនេះ ដោយអាចទទួលបានចំណូលរហូតដល់ ១២ម៉ឺនដុល្លារឯណោះក្នុងមួយខែៗ។

ដូងក្រអូប (ប្រភព៖ ក្រសួងព័ត៌មាន)

លោក បុត្រ គឹមឆាយ ម្ចាស់ចំការដូងក្រអូបមួយរូបក្នុងភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឲ្យដឹងថា លោកអាចរកចំណូលបានច្រើនពីការដាំដូងក្រអូបនេះនៅរដូវវស្សា គឺចាប់ខែមិថុនា ដល់ខែវិច្ឆកា ដោយសារតែរដូវវស្សាមានទឹកស្រោចស្រពគ្រប់គ្រាន់ ឫសដូងមានសារធាតុចិញ្ចឹម ដែលធ្វើឲ្យដើមដូងរីកលូតលាស់ល្អ ហើយទទួលបានផលច្រើន។

ចំការដូងក្រអូបក្នុងខេត្តព្រះសីហនុ (ប្រភព៖ ដូងក្រអូប រំដួលទឹកសាប ខេត្តព្រះសីហនុ)

លោក បុត្រ គឹមឆាយ បន្តថា លោកដាំដូងក្រអូបលើផ្ទៃដីប្រមាណ ៤៦ហិចតា ហើយចំពោះរដូវវស្សាលោកអាចប្រមូលផលបានជាមធ្យមប្រមាណ ៥០០០គ្រាប់ក្នុងមួយថ្ងៃ ដែលក្នុង១គ្រាប់តម្លៃជិត៣.០០០រៀល ហើយទទួលបានប្រាក់ចំណូលប្រមាណជិត១២ម៉ឺនដុល្លារក្នុងមួយខែ។

ចំការដូងក្រអូបក្នុងខេត្តព្រះសីហនុ (ប្រភព៖ ដូងក្រអូប រំដួលទឹកសាប ខេត្តព្រះសីហនុ)

មិនតែប៉ុណ្ណោះ លោកគ្រោងនឹងពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត ដើម្បីជួយបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងតំបន់នេះ ក៏ដូចជារួមចំណែកកាត់បន្ថយការនាំចូលពីបរទេស ជាពិសេសសំណូមពរដល់ប្រជាពលរដ្ឋខ្មែរដែលមានបំណងចង់ដាំដុះដំណាំប្រភេទនេះ អាចជ្រើសរើសពូជក្នុងស្រុក ព្រោះផលិតផលរបស់ខ្មែរមានគុណភាពមិនចាញ់ប្រទេសជិតខាងនោះទេ។ មួយវិញទៀត វាអាចធ្វើអោយយើងមានចំណូលបន្ថែម អាចបង្កើតការងារដល់ប្រជាពលរដ្ឋខ្មែរ និងអាចកាត់បន្ថយការនាំចូលពីបរទេសផងដែរ។

ដូងក្រអូប (ប្រភព៖ ក្រសួងព័ត៌មាន)

សូមបញ្ជាក់ថា ដូងក្រអូបជាប្រភេទដំណាំមិនសូវរើសប្រភេទដីប៉ុន្មានទេ ប៉ុន្តែចំពោះដីរឹងដូចជា ដីឥដ្ឋយើងត្រូវធ្វើការបំប៉នដីឲ្យមានលក្ខណៈរាងជ្រាយ ហើយជាទូទៅដីដែលល្អក្នុងការដាំបំផុត គឺដីល្បាប់ និងដីលាយខ្សាច់៕

ចំការដូងក្រអូបក្នុងខេត្តព្រះសីហនុ (ប្រភព៖ ដូងក្រអូប រំដួលទឹកសាប ខេត្តព្រះសីហនុ)
ចំការដូងក្រអូបក្នុងខេត្តព្រះសីហនុ (ប្រភព៖ ដូងក្រអូប រំដួលទឹកសាប ខេត្តព្រះសីហនុ)

អត្ថបទដោយ៖ Nevin

Related Articles