We TV Cambodia

កសិករជាច្រើនមើលរំលង តែអ្នកខេត្តសៀមរាបនាំគ្នាដាំសណ្ដែកកួររកចំណូលបានជាង ១ពាន់ដុល្លារក្នុងមួយខែៗ

កសិករជាច្រើនមើលរំលង តែអ្នកខេត្តសៀមរាបនាំគ្នាដាំសណ្ដែកកួររកចំណូលបានជាង ១ពាន់ដុល្លារក្នុងមួយខែៗ

ការដាំសណ្ដែកកួរ ជារបរមួយដែលកសិករខ្មែរនិយមដាំ ប៉ុន្តែចាប់ពីមានវត្តមាននៃការនាំចូលបន្លែពីបរទេសយ៉ាងច្រើនម ធ្វើឲ្យកសិករខ្មែរជាច្រើនបោះបង់ចោល និងមិនសូវដាំនោះទេ ព្រោះមិនអាចប្រកួតប្រជែងបាន ប៉ុន្តែក៏មានកសិករមួយចំនួនតូចដែលនៅតែបន្តដាំ និងអាចទាញចំណូលបានខ្ទង់ពាន់ដុល្លារផងដែរក្នុងមួយខែៗ។

ជាក់ស្ដែងអ្នកស្រីជឿន គឹមស៊ិប កសិករដាំសណ្តែកកួរមួយរូបរស់នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា អ្នកស្រីប្រកបរបរនេះយៈពេល ២០ឆ្នាំមកហើយ តែការដាំដុះមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវទេ និងមិនអាចរកប្រាក់ចំណូលបានច្រើនឡើយ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះមុខរបរដាំបន្លែរបស់អ្នកស្រីបានល្អប្រសើរ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលពីអ្នកជំនាញកសិកម្ម។

អ្នកស្រីបន្តថា រាល់ថ្ងៃអ្នកស្រីដំាសណ្តែកកួរលើផ្ទៃដីតែជិត ២,០០០ម៉ែត្រការ៉េប៉ុណ្ណោះ ហើយក្នុងមួយថ្ងៃប្រមូលផលបាន ៧០គីឡូក្រាម ទៅ ៨០គីឡូក្រាម និងបានបោះឲ្យម៉ូយជាប្រចាំដោយក្នុងមួយគីឡូក្រាមលក់បានតម្លៃ ២,០០០រៀល ហើយក្នុងមួយខែៗអ្នករកចំណូលបានចន្លោះពី ១,០០០ដុល្លារ ដល់ ១,២០០ដុល្លារឯណោះ។

សូមជម្រាបថា ក្រៅពីសណ្ដែកកួរអ្នកស្រីគឹមស៊ិប ក៏ដាំបន្លែផ្សេងៗទៀតផងដែរដូចជា ខ្ទឹមសន្លឹក ផ្កាខាត់ណា ស្ពៃក្រញាញ់ និងបន្លែជាច្រើនទៀតដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារប្រចាំថ្ងៃផងដែរ៕

អត្ថបទដោយ៖ Nevin

Related Articles