We TV Cambodia

កសិករខេត្តត្បូងឃ្មុំចិញ្ចឹមកង្កែបយកសាច់តាមបែបបច្ចេកទេស រកចំណូលបានខ្ទង់ ៧០០$ក្នុងមួយខែ

កសិករខេត្តត្បូងឃ្មុំចិញ្ចឹមកង្កែបយកសាច់តាមបែបបច្ចេកទេស រកចំណូលបានខ្ទង់ ៧០០$ក្នុងមួយខែ
ការចិញ្ចឹមកង្កែតាមបច្ចេក (ប្រភព៖ Google)

ប្រជាពលរដ្ឋរស់នៅក្នុងភូមិសេដាសែនជ័យ ឃុំសេដា ស្រុកតំបែរ ខេត្ដត្បូងឃ្មុំ បានទទួលជោគជ័យក្នុងការចិញ្ចឹមកង្កែបយកសាច់តាមបែបបច្ចេកទេសកសិកម្ម ដែលធ្វើឱ្យជីវភាពរស់របស់ពួកគាត់កាន់តែធូរធារជាងមុន និងបានជួយបង្កើនចំណូលបន្ថែមទៀតនៅក្នុងគ្រួសារ។

ការចិញ្ចឹមកង្កែតាមបច្ចេក (ប្រភព៖ Google)

អ្នកស្រី ខុម ចាន់ថុល ជាសមាជិកក្រុមកែលម្អជីវភាព នៅភូមិសេដាសែនជ័យ ឃុំសេដា ស្រុកតំបែរ ទទួលបានជោគជ័យខ្លាំងក្នុងការចិញ្ចឹមកង្កែបយកសាច់ ក្រោយពីទទួលបានការបណ្ដុះបណ្ដាលបច្ចេកទេសពីមន្ត្រីបច្ចេកទេស នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។ ជាលទ្ធផល កង្កែបក្រោយចិញ្ចឹមរយៈពេល៤០ថ្ងៃមានការធំធាត់រហ័ស គឺកង្កែបចំនួន ៧ក្បាលស្មើនឹង១គីឡូក្រាម ដែលធ្វើឱ្យមានចំណាប់អារម្មណ៍ទៅដល់កសិករផ្សេងទៀតនៅក្នុងមូលដ្ឋានយ៉ាងខ្លាំង និងមានការអនុវត្តតាមចំនួន០៥គ្រួសារដោយចាប់ផ្តើមជាមួយនឹងកូនកង្កែបចំនួន ៨,០០០ក្បាល។

ការចិញ្ចឹមកង្កែតាមបច្ចេក (ប្រភព៖ Google)

លោក ជៀង សារិទ្ធ ប្រធានសម្របសម្រួលកសិកម្មនៃគម្រោង TSSD-AF និងជាអនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះរបរចិញ្ចឹមកង្កែបហាក់មានការពេញនិយមច្រើន ដោយឃើញមានកសិដ្ឋានចិញ្ចឹមកង្កែបជាហូរហែដើម្បីផ្គត់ផ្គង់ទីផ្សារក្នុង និងក្រៅស្រុក ហើយការចិញ្ចឹមត្រឹមតែរយៈ ពេលតែ២ ទៅ ៣ខែប៉ុណ្ណោះអាចប្រមូលផលលក់នៅលើទីផ្សារបាន។

ការចិញ្ចឹមកង្កែតាមបច្ចេក (ប្រភព៖ Google)

ជាមួយគ្នានេះដែរ លោកក៏បានណែនាំ និងចែករំលែកនូវបទពិសោធន៍មួយចំនួនជូនដល់កសិករចិញ្ចឹមកង្កែបយកសាច់ ត្រូវជ្រើសរើសទីតាំងរៀបចំធ្វើអាងដាក់កង្កែបចិញ្ចឹមឱ្យបានសមស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ, ជ្រើសរើសពូជកូនកង្កែបដែលមានសុខភាពល្អក្នុងចន្លោះអាយុប៉ុន្មាន ៣០ថ្ងៃ ទៅ ៤០ថ្ងៃ ផ្ដល់ចំណីដែលមានកម្រិតជាតិសាច់គ្រប់គ្រាន់ឱ្យបានទៀងទាត់ និងថែទាំអនាម័យឱ្យបានស្អាតជាប្រចាំដោយប្ដូរទឹក ២ ទៅ ៣ដងក្នុងមួយថ្ងៃ។

ការចិញ្ចឹមកង្កែតាមបច្ចេក (ប្រភព៖ Google)

លោកក៏បានបញ្ជាក់ដែរថា ប្រសិនបើមានបញ្ហាហើមពោះ ឬរលាកត្រូវព្យាបាលដោយថ្នាំផ្សំពីធម្មជាតិតាមមេរៀនពីលោកគ្រូកសិកម្ម។ លោកបានអះអាងថា ក្នុងការចិញ្ចឹមកង្កែបតាមបច្ចេកទេសបំប៉ន កង្កែបយកសាច់ចំនួន ១ពាន់ក្បាលអាចរកប្រាក់ចំណេញបានប្រមាណ ៦០ម៉ឺនរៀល ទៅ ៨០ម៉ឺនរៀល ក្នុងរយៈពេលពីរខែកន្លះ ទៅ ៣ខែប៉ុណ្ណោះ។

ការចិញ្ចឹមកង្កែតាមបច្ចេក (ប្រភព៖ Google)

អត្ថបទដោយ៖ Nevin

Related Articles