We TV Cambodia

កសិកម្ម៖ វិស័យឈានមុខក្នុងកំឡុងវិបត្តិកូវីដ១៩

កសិកម្ម៖ វិស័យឈានមុខក្នុងកំឡុងវិបត្តិកូវីដ១៩
ការដាំបន្លែនៅកម្ពុជា (ប្រភព៖ ឯកឧត្តម វេង សាខុន)

ក្នុងរយៈពេលប្រមាណ ១ឆមាសក្នុងវិបត្តិកូវីដ១៩ នេះ វិស័យកសិកម្មនៅកម្ពុជាហាក់កំពុងបង្ហាញភាពរីកចម្រើន និងមានសន្ទុះខ្លាំង ខណៈដែលវិស័យផ្សេងទៀតកំពុងបន្តដំណើរយ៉ាងត្រដាបត្រដួស ក្រោយរងគ្រោះយ៉ាងដំណំដោយសារវិបត្តិកូវីដ៩។

កសិដ្ឋានចិញ្ចឹមបង្កងនៅកម្ពុជា (ប្រភព៖ ឯកឧត្តម វេង សាខុន)

យោងតាមការប្រកាសរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងការចុះពិនិត្យការសកម្មភាពនៃវិស័យកសិកម្មបានបង្ហាញថា ប្រជាពលរដ្ឋជាច្រើនដែលប្រកបរបរកសិកម្មបាននិងកំពុងបន្តទទួលបានប្រាក់ចំណូលកាន់តែច្រើនជាងមុនពីវិស័យកសិកម្ម បើធៀបនឹងមុនវិបត្តិកូវីដ១៩។

ចំការផ្លែឈើនៅកម្ពុជា (ប្រភព៖ ឯកឧត្តម វេង សាខុន)

ជាមួយគ្នានេះ របរកសិកម្មដែលអាចរកចំណូលបានច្រើនក្នុងកំឡុងវិបត្តិកូវីដ១៩ រួមមាន៖ ការដាំបន្លែសុវត្ថិភាព, ការចិញ្ចឹមបង្កង, ចិញ្ចឹមកង្កែប, ចិញ្ចឹមខ្យង, ចិញ្ចឹមមាន់, និងការដាំដុះដំណាំហូបផ្លែផ្សេងទៀតផងដែរ។ ក្នុងនោះដែរ ទោះបីជាការចិញ្ចឹម និងការដាំដុះជាលក្ខណៈគ្រួសារ ឬការជាកសិដ្ឋានក៏ដោយ គឺសុទ្ធតែមានការរីកច្រើនដូចគ្នា គ្រាន់តែទំហំនៃប្រាក់ចំណូលក៏ប្រែប្រួឡទៅតាមនោះដែរ។

កសិដ្ឋានចិញ្ចឹមកង្កែបនៅកម្ពុជា (ប្រភព៖ ឯកឧត្តម វេង សាខុន)

លើសពីនេះទៅទៀត ផលិតផលកសិកម្មប្រភេទខ្លះ មិនអាចផ្គត់ផ្គង់គ្រប់គ្រាន់តាមតម្រូវការថែមទៀតផង ដោយសារតែបច្ចុប្បន្នការនាំចូលផលិតផលកសិកម្មផ្សេងៗពីប្រទេសជិតខាងដូចជាបន្លែ និងសាច់ជាដើម ត្រូវបានកាត់បន្ថយ ដែលធ្វើឲ្យតម្រូវការក្នុងស្រុកមានការកើនឡើងខ្លាំងបែបនេះ។

ការដាំបន្លែក្នុងផ្ទះសំណាញ់នៅកម្ពុជា (ប្រភព៖ ឯកឧត្តម វេង សាខុន)

សូមជម្រាបផងដែរថា ថ្វីតត្បិតតែក្នុងកំឡុងវិបត្តិកូវីដ១៩ នេះវិស័យកសិកម្មហាក់កំពុងមានសន្ទុះពិតមែន ប៉ុន្តែបើវិបត្តិកូវីដ១៩ នៅតែបន្តអូសបន្លាយទៅមុខទៀត មិនយូរមិនឆាប់វិស័យនេះក៏អាចនឹងរងផលប៉ះពាល់ដូចគ្នា។ មួយវិញទៀត កសិករក្នុងស្រុកគួរត្រៀមខ្លួនឲ្យបានរួចជាសម្រេចនៅពេលវិបត្តិកូវីដ១៩ ត្រូវបានបញ្ចប់ ដោយសារតែការនាំចូលពីខាងក្រៅនឹងមានវត្តមានឡើងវិញ ដែលនេះជាចំណុចសំខាន់ដែលកសិករក្នុងស្រុកគួរក្ដោបក្ដាប់ឱកាសទីផ្សារនេះឲ្យបាន។

អត្ថបទដោយ៖ Nevin

Related Articles