We TV Cambodia

កសិកដ្ឋានចិញ្ចឹមក្រពើប្រឈមនឹងការបិទទ្វារ?

កសិកដ្ឋានចិញ្ចឹមក្រពើប្រឈមនឹងការបិទទ្វារ?

 
 

ដោយៈ ទិន សុខាវុធ

ដោយ​នៅពេលបច្ចុប្បន្ននេះ តំលៃកូន​ក្រពើ​មួយ​ក្បាល​ធ្លាក់មកនៅ​ត្រឹមតែ $2 ដុល្លារ​តែប៉ុណ្ណោះ កសិដ្ឋាន​ចិញ្ចឹម​ក្រពើខ្នាត​តូចជា​ច្រើន ​ត្រូវ​ប្រឈម​មុខ​នឹង​ការបិទទ្វារ ដោយ​មិន​អាច​​ទទួល​យក​ការចំណាយ​ដ៏​ច្រើនលើស​លុប​ ក្នុង​ការចិញ្ចឹម​ក្រពើ​នេះ​។

លោក ញឹម បុរាណ អ្នក​ចិញ្ចឹម​ក្រពើ​ម្នាក់​​នៅ​ខេត្ត​​សៀមរាប បាន​ថ្លែង​អោយ​ដឹងថា កាលពី​ដើមឆ្នាំ ២០១៩ នេះ កូន​ក្រពើ​របស់​លោកមួយ​ក្បាលលក់​បាន​តំលៃ $10 ដុល្លារ​ក្នុង​មួយ​ក្បាល តែ​នៅ​ពេល​បច្ចុប្បន្ននេះ​ តំលៃ​កូនក្រពើ​របស់​លោក​ធ្លាក់មកនៅ​ត្រឹម​តែ $2 ដុល្លារ​តែ​ប៉ុណ្ណោះ ក្នុង​មួយ​ក្បាល​។

អាស្រ័យ​ហេតុនេះ លោក ញឺម បុរាណ មិន​អាច​ទប់ទប់​នឹង​ការចំណាយ​ដ៏​ច្រើនលើសលប់​ក្នុង​ការចិញ្ចឹម​ក្រពើនេះ​ឡើយ​។ ជាលទ្ធផល លោក​បាន​សំរេច​ចិត្ត​លក់​កូន​ក្រពើរបស់​លោក​ចោល​ទាំងអស់​។

ឯ​ចំណែកលោក កាំង សារិន ដែល​ជា​ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ Cambo Crocodile Farm ស្ថិត​ក្នុង​ខណ្ឌដង្កោ រាជ​ធានីភ្នំពេញ បាន​លើកឡើងថា តំលៃ​កូនក្រពើ​បាន​ធ្លាក់ចុះ គឺបណ្តាលមកពីកង្វះ​ទីផ្សារ​សំរាប់នាំចេញកូនក្រពើ​។ ហើយ​កន្លង​មកនេះ ទី​ផ្សារ​សំរាប់​នាំចេញ​កូន​ក្រពើរបស់​លោកមានតែ​ប្រទេសវៀតណាម​មួយ​តែប៉ុណ្ណោះ​។

ដើម្បីដោះស្រាយ​បញ្ហានេះ បណ្តាអ្នកចិញ្ចឹមកូនក្រពើទាំងឡាយ បាន​​មូល​មតិគ្នា​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​អោយ​ធ្វើ​យ៉ាង​ណា​ អោយ​ពួក​គេអាច​នាំ​កូនក្រពើទៅ​លក់​នៅ​លើ​ផ្សារ​នៅ​ក្នុង​ប្រទេស​​ចិន​បន្ថែម​ទៀត​ ដោយហេតុ​ថា ប្រទេស​វៀតណាម​ក៏​ទិញ​កូន​ក្រពើ​ពី​ប្រទេស​កម្ពុជា​ ទៅ​លក់​ប្រទេស​ចិនដែរ​៕

Related Articles