We TV Cambodia

កម្រិតទ្រព្យសម្បត្តិ ដែលគ្រួសារនៅកម្ពុជាអាចនឹងអស់ក្តីបារម្ភពីបញ្ហាហិរញ្ញវត្ថុ

កម្រិតទ្រព្យសម្បត្តិ ដែលគ្រួសារនៅកម្ពុជាអាចនឹងអស់ក្តីបារម្ភពីបញ្ហាហិរញ្ញវត្ថុ

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

ការវិភាគខាងក្រោមនេះគឺជាសម្មតិកម្មសំរាប់ជាការស្រាវជ្រាវបន្តដើម្បីបញ្ជាក់ថាតើសម្មតិកម្មពិតឬមិនពិត។ យោងតាមការស្រាវជ្រាវមុនពេលការផ្ទុះការរីករាលដាលនៃវីរុសកូវីដ១៩បានបង្ហាញថា ប្រជាជនអាមេរិកកាំងម្នាក់ៗយល់ថាខ្លួនអស់បារម្ភពីបញ្ហាហិរញ្ញវត្ថុប្រសិនបើខ្លួនមានទ្រព្យសម្បត្តិ (net worth) ចំនួន៩៣ម៉ឺនបួនពាន់ដុល្លាអាមេរិក ឬជាង១៥ដងនៃចំណូលជាមធ្យមប្រចាំឆ្នាំសំរាប់ប្រជាជន១នាក់ (ចំណូលជាមធ្យមប្រចាំឆ្នាំគឺ៥៩៥០០ដុល្លា បន្ទាប់ពីសំរួលជាមួយPurchasing Power Parity)។

បើប្រៀបធៀបលទ្ធផលនៃការស្រាវជ្រាវខាងលើនេះជាមួយនឹងកំរិតសេដ្ឋកិច្ចរបស់កម្ពុជា ប្រជាជនកម្ពុជាម្នាក់ៗនឹងអស់ក្តីបារម្ភពីបញ្ហាហិរញ្ញវត្ថុប្រសិនបើមានទ្រព្យសប្បត្តិចំនួន៦២៧៨៩ដុល្លា (ជាង៦ម៉ឺនពីរពាន់ដុល្លា)។ ខាងក្រោមនេះជារបៀបគណនា៖ ចំណូលជាមធ្យមប្រចាំឆ្នាំរបស់ប្រជាជនកម្ពុជា១នាក់ (៤០០០ដុល្លា បន្ទាប់ពីសំរួលជាមួយPurchasing Power Parity) គុណនឹង ១៥,៦។ ១៥,៦ គឺជាចំនួនដងនៃចំណូលជាមធ្យមប្រចាំឆ្នាំដែលប្រជាជនអាមេរិកកាំងយល់ថាខ្លួនអស់បារម្ភពីបញ្ហាហិរញ្ញវត្ថុ។ យោងតាមលទ្ធផលនៃការគណនាចំនួនទ្រព្យសម្បត្តិដែលទំនងជាអាចធ្វើអោយប្រជាជនកម្ពុជា១នាក់អស់បារម្ភពីបញ្ហាហិរញ្ញវត្ថុ យើងអាចគណនាចំនួនទ្រព្យសម្បត្តិដែលអាចធ្វើអោយគ្រួសារកម្ពុជាអស់បារម្ភពីបញ្ហាហិរញ្ញវត្ថុទៅតាមចំនួនសមាជិកគ្រួសារដូចខាងក្រោម៖

១) គ្រួសារដែលមានសមាជិក២នាក់ ត្រូវមានទ្រព្យសម្បត្តិជាង១២ម៉ឺន៥ពាន់ដុល្លា (៦២៧៨៩ដុល្លា គុណនឹង២)។

២) គ្រួសារដែលមានសមាជិក៣នាក់ ត្រូវមានទ្រព្យសម្បត្តិជាង១៨ម៉ឺន៨ពាន់ដុល្លា (៦២៧៨៩ដុល្លា គុណនឹង៣)។

៣) គ្រួសារដែលមានសមាជិក៤នាក់ ត្រូវមានទ្រព្យសម្បត្តិជាង២៥ម៉ឺនដុល្លា (៦២៧៨៩ដុល្លា គុណនឹង៤)។

៤) គ្រួសារដែលមានសមាជិក៥នាក់ ត្រូវមានទ្រព្យសម្បត្តិជាង៣១ម៉ឺនដុល្លា (៦២៧៨៩ដុល្លា គុណនឹង៥)។

ការគណនាខាងលើគឺជាសម្មតិកម្មតាមរយៈការប្រៀបធៀបដោយផ្អែកលើកំរិតសេដ្ឋកិច្ចផ្សេងគ្នារវាងប្រជាជនកម្ពុជា និងប្រជាជនអាមេរិកកាំង។ ប្រជាជនកម្ពុជាយល់ឃើញយ៉ាងណា វាអាស្រ័យលើទម្លាប់នៃការចាយវាយ និងកំរិតនៃការគាំពារសង្គមដែលប្រជាជនកម្ពុជាទទួលបានពីរដ្ឋាភិបាល។ សូមបញ្ជាក់ថាប្រជាជនកម្ពុជាមិនមានសេវាគាំពារសង្គមល្អដូចអ្វីដែលប្រជាជនអាមេរិកកាំងទទួលបាននោះទេ។

(ប្រភពទិន្នន័យ៖ The World Factbook និង CNBC និងលោកង៉ែត ជូ)

 

 

Related Articles