We TV Cambodia

កម្មវីធី Android ចំនួនពីររបស់ក្រុមហ៊ុន Baidu ត្រូវបានរកឃើញថាកំពុងលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់

កម្មវីធី Android ចំនួនពីររបស់ក្រុមហ៊ុន Baidu ត្រូវបានរកឃើញថាកំពុងលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

បើតាមការជូនដំណឹងពីនាយកដ្ឋានប្រឆំាងបទល្មើសនិងព័ត៌មានបច្ចេកវិទ្យា បានឱ្យដឹងថាកម្មវិធី Android ចំនួនពីរដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Baidu ត្រូវបានដកចេញពី Google Play Store ជាផ្លូវការកាលពីថ្ងៃទី២៨ ខែតុលា កន្លងទៅនេះ ក្រោយពីក្រុមហ៊ុន Google ទទួលបានរបាយការណ៍ពីក្រុមហ៊ុនសន្តិសុខអុីនធឺណិត Palo Alto Networks ដែលបានអះអាងថាកម្មវិធីទាំងពីរមានប្រើកូដដើម្បីធ្វើការប្រមូលព័ត៌មានរបស់អ្នកប្រើប្រាស់។

យោងតាមអ្នកស្រាវជ្រាវរបស់ Palo Alto Networks បានឱ្យដឹងថា កម្មវិធីទាំងពីរនោះគឺ Baidu Maps និង Baidu Search Box ហើយពួកគេបានបង្ហាញថា ព័ត៌មានលម្អិតដែលកូដនោះប្រមូលបានមានដូចជា ម៉ូដែលទូរសព្ទ, MAC address, ព័ត៌មានអ្នកប្រើប្រាស់, និងលេខសម្គាល់ IMSI។ ក្នុងចំណោមព័ត៌មានទាំងអស់នេះ ព័ត៌មានទាក់ទងនិងលេខសម្គាល់ IMSI គឺមានហានិភ័យខ្ពស់បំផុត ព្រោះវាអាចឱ្យក្រុមហ៊ុនតាមដានអ្នកប្រើប្រាស់ទោះបីជាពួកគេបានប្ដូរទូរសព្ទក៏ដោយ។

សូមបញ្ជាក់ថា កម្មវិធីទាំងពីរនេះមានការទាញយកច្រើនជាង ៦លានដងមុនពេលត្រូវបានដកចេញពី Play Store។ មិនត្រឹមតែប៉ុណ្ណោះក៏មានបញ្ហាផ្សេងៗទៀតដែលត្រូវបានរកឃើញដោយក្រុមការងាររបស់ Google ហើយក្រុមហ៊ុន Baidu បាននិយាយថាបញ្ហាទាំងកំពុងតែធ្វើការដោះស្រាយហើយ។ បច្ចុប្បន្នកម្មវិធី Baidu Search Box ត្រូវបានដាក់ឱ្យប្រើប្រាស់ឡើងវិញ ហើយក្រុមហ៊ុនក៏កំពុងតែកែសម្រួលកម្មវិធី Baidu Maps ដើម្បីនឹងបានដាក់បញ្ចូលទៅក្នុង Play Store វិញផងដែរ។

 

 

Related Articles