We TV Cambodia

កម្មករ-កម្មការិនី មិនសូវពេញចិត្តនឹងការដំឡើងប្រាក់ឈ្នួលត្រឹមតែ ២ដុល្លារនោះទេ

កម្មករ-កម្មការិនី មិនសូវពេញចិត្តនឹងការដំឡើងប្រាក់ឈ្នួលត្រឹមតែ ២ដុល្លារនោះទេ

កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ រដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងប្រាក់ឈ្នួលដល់កម្មកររោងចក្រសម្រាប់ឆ្នាំ២០២០នេះ ចំនួន ១៩២ដុល្លារ ដែលមាន័យថា ដំឡើងចំនួន ២ដុល្លារលើប្រាក់ឈ្នួលចាស់គឺ ១៩០ដុល្លារ។

ទោះជាយ៉ាងណា កម្មករ កម្មការិនីជាច្រើនបានបង្ហាញការមិនពេញចិត្តចំពោះការដំឡើងដ៏តិចនេះទេ ត្បិតថាតម្លៃទំនិញគ្រប់ប្រភេទ រួមទាំងបន្ទប់ជួលផងនោះ នៅតែបន្តឡើងថ្លៃជារៀងរាល់ឆ្នាំ ដែលធ្វើឲ្យពួកគេចំណាយកាន់តែច្រើន ខណៈដែលប្រាក់ឈ្នួលនៅឡើងត្រឹមតែ ២ដុល្លារតែប៉ុណ្ណោះ។

ជាមួយគ្នានេះ កម្មករ កម្មការិនីមួយចំនួន បានបង្ហាញអារម្មណ៍ស្រដៀងគ្នាថា ការដំឡើងប្រាក់ឈ្នួលគឺល្អ បើសិនជាតម្លៃបន្ទប់ជួល និងទំនិញមិនឡើងថ្លៃទេនោះ។ ផ្ទុយទៅវិញ តម្លៃទំនិញ និងបន្ទប់ជួលបន្តឡើងថ្លៃរហូត ដូច្នេះពួកគេមិនអាចចំណាយគ្រប់នោះទេ ព្រោះត្រូវការផ្ញើលុយទៅក្រុមគ្រួសារនៅស្រុកផង និងការចំណាយលើការរៀនសូត្ររបស់កូនផង។

លោក អាត់ ធន់ ប្រធានស​ហភាពការងារកម្ពុជា បានឲ្យដឹងថា ការដំឡើងប្រាក់ឈ្នួលត្រឹមតែ ២ដុល្លារគឺតិចណាស់ ហើយបើថ្លៃបន្ទប់ជួលឡើងថ្លៃទៀតនោះ គឺវាកាន់តែលំបាកសម្រាប់កម្មករ។ ដោយឡែក តំណាង GMAC បានបញ្ជាក់ថា ទោះបីចំនួននេះតិចមែន តែវាអាចទទួលយកបាន និងមិនផ្ដល់ជាបន្ទុកធ្ងន់ពេកដល់វិនិយោគិននោះទេ។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CCL Cambodia)

សូមរំលឹកថា ការដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករ ត្រូវបានពិភាក្សាអស់រយៈពេលជាច្រើនលើក ដោយមានការចូលរួមពីក្រសួងការងារ តំណាងរដ្ឋាភិបាល និងតំណាងកម្មករនិយោជិក។ ក្រោយបញ្ចប់កិច្ចប្រជុំភាគីទាំងអស់ រួមនឹងរដ្ឋាភិបាលបនយល់ព្រមក្នុងការដំឡើងប្រាក់ឈ្នួល ២ដុល្លារបន្ថែមទៀតដល់កម្មករ។

អត្ថបទដោយ៖ Nevin

Related Articles