We TV Cambodia

កម្ពុជា-ឥណ្ឌា នឹងតភ្ជាប់ជើងហោះហើរត្រង់ ពេលចប់វិបត្តិកូវីដ-១៩

កម្ពុជា-ឥណ្ឌា នឹងតភ្ជាប់ជើងហោះហើរត្រង់ ពេលចប់វិបត្តិកូវីដ-១៩

ដោយ៖ពេជ្រ

ភ្នំពេញ៖ ភាគីកម្ពុជាបានឯកភាពជាមួយភាគីឥណ្ឌាថា នឹងរៀបចំដំណើរការតភ្ជាប់ជើងហោះហើរត្រង់ ក្រោយពេលវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ ដើម្បីជំរុញសកម្មភាពទេសចរណ៍ឡើងវិញ និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធថែមទៀត។

ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ជាមួយលោកជំទាវ ទេវ្យានី ឧត្តម ខូប្រាហ្កាដេ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំទាំងពីរបានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងកម្ពុជា-ឥណ្ឌា និងបានពង្រឹងវិស័យការទូតកាន់តែជិតស្និទ្ធជាមួយគ្នា ជាពិសេសនឹងរៀបចំដំណើរការតភ្ជាប់ជើងហោះហើរត្រង់ ក្រោយពេលវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់។

រដ្ឋមន្ត្រី ថោង ខុន បានលើកឡើងអំពីសំណើឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា ក្រោយពន្យារពេលអស់មួយរយៈដោយសារការរំខានពីការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកជំទាវ ទេវ្យានី ក៏បានអះអាងថា ការងារនេះក៏ជាការងារអាទិភាពក្នុងបេសកកម្មជាឯកអគ្គរដ្ឋទូតរបស់លោកស្រីផងដែរ។

បើតាមលោកជំទាវ ទេវ្យានី ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នឹងរួមសហការជាមួយក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធដទៃទៀតក្នុងការបន្តរៀបចំទិវាយោគៈអន្តរជាតិ (International Yuga Day) នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបងជាដើម។

ភាគីទាំងពីរនឹងបង្កើតក្រុមការងារ ដែលមានសមាសភាពពីក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ក៏ដូចជាក្រុមការងារនៅស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងក្រុមការងារឥណ្ឌានៅរដ្ឋធានីញូវដេលីផងដែរ ដើម្បីអនុវត្តការងារទាំងអម្បាលម៉ាននេះឱ្យបានល្អប្រសើរ ក្រោមការរំពឹងទុកថានឹងចាប់ផ្ដើមអនុវត្តនៅក្រោយពេលចប់វិបត្តិជំងឺកូវីដ-១៩៕

 

Related Articles