We TV Cambodia

កម្ពុជា សម្រេចអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ និងខ្សែបញ្ជូនអគ្គិសនី ៥០០គីឡូវ៉ុល

កម្ពុជា សម្រេចអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ និងខ្សែបញ្ជូនអគ្គិសនី ៥០០គីឡូវ៉ុល

គណៈរដ្ឋមន្ត្រីកម្ពុជា បានសម្រេចអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ ដែលមានអានុភាព ១៥០មេហ្កាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង និងគម្រោងសាងសង់ខ្សែបណ្ដាញបញ្ជូនអគ្គិសនី ៥០០គីឡូវ៉ុលពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ។

យោងតាមសេចក្ដីប្រកាសរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា រដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុន China National Heavy Machinery Corporation (CHMC) ធ្វើការវិនិយោគអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ។ ចំណែក​ គម្រោងវិនិយោគអភិវឌ្ឍគម្រោងខ្សែបណ្តាញបញ្ជូនតង់ស្យុង ៥០០គីឡូវ៉ុល ២ខ្សែ នឹងត្រូវប្រគល់ឱ្យក្រុមហ៊ុន SchneiTec Co., Ltd. ។

គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ ប្រើប្រាស់ប្រភពទឹករបស់ស្ទឹង ២គឺ ស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២ កាត់ស្ទឹងទាំង២ បង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដោយទួណែលបង្ហូរទឹកក្រោមដី។ ប្រភពទឹកដែលតភ្ជាប់គ្នានេះ គ្រោងទម្លាក់យកមកផលិតថាមពលអគ្គិសនីនៅអគារថាមពលដែលមានអានុភាពសរុប ១៥០មេហ្គាវ៉ាត់ ស្ថិតនៅចម្ងាយ ១៣គីឡូម៉ែត្រ ក្រោមទំនប់ទឹកស្ទឹងកែបតាមបំពង់ទួណែលបង្ហូរទឹកក្រោមដី។

គម្រោងនេះនឹងត្រូវធ្វើឡើងក្រោមរូបភាពជាគម្រោងវិនិយោគ សាងសង់-ដំណើរការ-ផ្ទេរ ក្នុងទំហំវិនិយោគសរុបជាង ៣៨៩ដុល្លារអាម៉េរិក ដោយផ្ដល់សម្បទានរយៈពេល ៣៩ឆ្នាំ ក្នុងនោះ៤ឆ្នាំសម្រាប់ការសាងសង់ និង ៣៥ឆ្នាំសម្រាប់ការធ្វើអាជីវកម្ម។ បរិមាណមូលដ្ឋាននៃថាមពលអគ្គិសនីផលិតប្រចាំឆ្នាំលក់ឱ្យអគ្គិសនីកម្ពុជាគឺជាមធ្យម ៥២៧លានគីឡូវ៉ាត់ម៉ោង ហើយលក់ក្នុងតម្លៃ ៧,៩២សេន (ប្រហែល ៣០០រៀល) ក្នុង ១គីឡូវ៉ាត់ម៉ោង។

សូមជម្រាបថា ចំពោះគម្រោងវិនិយោគអភិវឌ្ឍសាងសង់ខ្សែបណ្ដាញបញ្ជូនអគ្គិសនី ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ មានប្រវែង ២៩៩,៥២គីឡូម៉ែត្រ មានទំហំវិនិយោគប្រមាណជាង ៣៣០ដុល្លារអាម៉េរិក។ ចំណែក ពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ មានទំហំវិនិយោគសរុបចំនួនជាង ១១០ដុល្លារអាម៉េរិក៕

អត្ថបទដោយ៖ Nevin

Related Articles