We TV Cambodia

កម្ពុជា ជប៉ុនជម្រុញទំនាក់ទំនងទ្វេភាគគីលើវិស័យពាណិជ្ជកម្ម អប់រំ និងទេសចរណ៍

កម្ពុជា ជប៉ុនជម្រុញទំនាក់ទំនងទ្វេភាគគីលើវិស័យពាណិជ្ជកម្ម អប់រំ និងទេសចរណ៍
ទង់ជាតិប្រទេសកម្ពុជា និងជប៉ុន (ប្រភព៖ Google)

អនុរដ្ឋលេខាធិការក្រសួងការបរទេសលោកជា គីមថា និងលោក Hiroshi Ishikawa អគ្គនាយកតំណាងប្រទេសជប៉ុនទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍បានបើកកិច្ចប្រជុំមួយកាលពីថ្ងៃចន្ទដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងថា កិច្ចប្រជុំនេះផ្តោតលើប្រធានបទមួយចំនួនរួមទាំងការបង្កើនទំហំពាណិជ្ជកម្មក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការពង្រឹងវិស័យទេសចរណ៍ និងវិស័យអប់រំនៅកម្ពុជា។ លោកបានបន្ថែមថា «យើងរំពឹងថានឹងមានការកើនឡើងនូវទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងឆ្នាំនេះ»។

សម្ដេចហ៊ុន សែន និងលោក shinzo abe (ប្រភព៖ Google)

លោកកុយ គួង ក៏បានបញ្ជាក់ថា នៅឆ្នាំ២០១៣ កម្ពុជា និងជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រដើម្បីជំរុញការវិនិយោគ និងសន្តិសុខពាណិជ្ជកម្មរបស់ប្រទេស។ ចាប់តាំងពីពេលនោះមកទំហំពាណិជ្ជកម្មនៅកម្ពុជាបានកើនឡើងដល់ជាង ២ពាន់លានដុល្លារកាលពីឆ្នាំមុន ខណៈការវិនិយោគពីប្រទេសជប៉ុនបានកើនឡើងដល់ ២,៥ពាន់លានដុល្លារចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ។ លើសពីនេះទៅទៀតយើងបានកត់សម្គាល់ឃើញថាមានការកើនឡើងនៃវិស័យទេសចរណ៍ដោយសារមានភ្ញៀវទេសចរជប៉ុនជាង ២សែននាក់ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាជារៀងរាល់ឆ្នាំ។

លោកគិន ភា អគ្គនាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីភាពជាដៃគូនេះ ហើយជប៉ុនគឺជាដៃគូដ៏ល្អបំផុត ព្រោះជប៉ុនមិនដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ។

ប្រែសម្រួលដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles