ដោយ៖ពេជ្រ
ភ្នំពេញ៖ ភាគីកម្ពុជា-ចិនប្តេជ្ញាខំពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ១០ ពាន់លានដុល្លារ នាឆ្នាំ២០២៣។នេះបើតាមកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៣ ឆ្នាំ២០២០ រវាងកម្ពុជា-ចិន ថ្ងៃ ៣០ កក្កដា ឆ្នាំ២០២០។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ចំណងមិត្តភាពរវាងកម្ពុជា-ចិន ចាប់ផ្តើមមានអានុភាពខ្លាំងឡើងៗ និងទទួលបានផលប្រយោជន៍ទាំងសងខាង។ ជាសក្ខីកម្ម ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានកំណើនជាប្រចាំ គឺសម្រេចបានជាង ៦ ពាន់លានដុល្លារ នៅឆ្នាំ២០១៨ និងហក់ឡើងដល់ប្រមាណ ៨ ពាន់លានដុល្លារ នៅឆ្នាំ២០១៩។
ឯកឧត្តមបន្តថា ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រដ្ឋាភិបាលនៃប្រទេសទាំងពីរបានប្តេជ្ញាខិតខំពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ១០ ពាន់លានដុល្លារ នាឆ្នាំ២០២៣ ខាងមុខ។
ទន្ទឹមនឹងនេះ កិច្ចប្រជុំ ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៣ គឺមានគោលបំណងផ្សព្វផ្សាយអំពីព័ត៌មានសំខាន់ៗនៃព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥-១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងនោះ ក៏មានការបង្ហាញនិងបកស្រាយពីគោលនយោបាយនៃការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ ការបើកចំហរទីផ្សារ ការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងអត្ថប្រយោជន៍ជាច្រើនដែលទទួលបានពីការចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មដ៏មហិមានេះ ពិតជាមានសារៈសំខាន់សម្រាប់បណ្តាប្រទេសចូលរួមទាំងអស់ ទាំងវិស័យសាធារណៈ និងវិស័យឯកជន ដោយមានឱកាសបានចូលរួមផ្សព្វផ្សាយផលិតផល សេវាកម្ម និងគម្រោងវិនិយោគ និងបានជួបចរចារពាណិជ្ជកម្មដោយផ្ទាល់ជាមួយដៃគូថ្មីៗរបស់ខ្លួន។
សូមជម្រាបជូនថាកម្ពុជា បានត្រៀមលក្ខណៈចូលរួមពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៣ ពីថ្ងៃទី០៥-១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុងសៀងហៃ ជាមួយនឹងក្ដីរំពឹងថា ស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩ លើពិភពលោក នឹងត្រូវបានគ្រប់គ្រងបាន និងមានជើងហោះហើរជាប្រក្រតីឡើងវិញ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្រសួងពាណិជ្ជកម្ម បានត្រៀមខ្លួនជាស្រេច ដើម្បីរៀបចំពន្លាជាតិកម្ពុជាមួយ និងសម្របសម្រួលដឹកនាំវិស័យឯកជនទៅចូលរួមក្នុងព្រឹត្តិការណ៍នេះ ដូចការចូលរួមពីរលើកកន្លងទៅផងដែរ៕