We TV Cambodia

កម្ពុជា-កូរ៉េខាងត្បូង សិក្សាពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

រូបថតៈ ក្រសួងពាណិជ្ជកម្ម

ដោយៈ ទិន សុខាវុធ

កម្ពុជា​និង​កូរ៉េ​ខាង​ត្បូង បាន​យល់ព្រមព្រៀងគ្នា​សិក្សា​ពី​លទ្ធភាព​បង្កើត​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរី​ទ្វេភាគី (FTA) ក៏ដូចជាបញ្ហាស្តីពីកិច្ចព្រមព្រៀងអាសិប ក្នុង​គោល​បំណង​បង្កើន​ទំហំ​វិនិយោគ កម្ពុជា-កូរ៉េខាង​ត្បូង អោយ​បានកាន់តែ​ច្រើនឡើងថែម​ទៀត​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ការពិភាក្សា​នេះត្រូវ​បាន​​ធ្វើ​ឡើងនៅក្នុង​ឱកាសដែល​លោក​ ប៉ាន សូរស័ក្តិ​ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ចូលរួម​​ប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍ ៣០ ឆ្នាំ នៃ​ទំនាក់ទំនង​អាស៊ាន-កូរ៉េ និង​ប្រជុំ​កំពូល​មេគង្គ-កូរ៉េ ពី​ថ្ងៃ​ទី ២៥-២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅទីក្រុង ប៊ូសាន សាធារណរដ្ឋកូរ៉េ​។

«ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តោតការពិភាក្សាសំខាន់លើលទ្ធភាពក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ដោយបានស្នើសុំឲ្យភាគីកូរ៉េពិនិត្យលទ្ធភាពជួយបង្កើនការបញ្ជារទិញទំនិញបន្ថែមពីកម្ពុជា ព្រមទាំងលើកទឹកចិត្តឲ្យវិនិយោគិនកូរ៉េអោយ​មកវិនិយោគបន្ថែមទៀតនៅកម្ពុជា។» នេះ​ជា​ការលើកឡើង​របស់​ក្រសួង​ពាណិជ្ជកម្ម​ នៅ​ក្នុង​ទំព័រ Facebook របស់​ក្រសួង​។

ក្រសួង​បាន​បន្ថែម​ទៀត​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី​ទ្វេភាគី​នេះ នឹងជួយបង្កើនទំហំ​ពាណិជ្ជកម្មនៃ​ប្រទេស​ទាំងពីរ និង​បង្កើតឱកាស​ការងារ​ក្នុង​ស្រុក ការនាំចេញ​ទំនិញ សេវា និងពង្រីក​វិនិយោគ​បន្ថែម​ទៀត ដែលនឹង​ជា​កត្តា​មួយ​​ចូល​រួម​​យ៉ាង​សំខាន់​ ក្នុង​ការបង្កើតការងារ​ក្នុង​ស្រុក​។

យោង​តាម​ក្រសួង​ពាណិជ្ជកម្ម កាល​ពី​ឆ្នាំ ២០១៩ កន្លងទៅនេះ ទំហំពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បានកើន​ដល់​ប្រមាណ $៧៥៦ លាន​ដុល្លា​សហរដ្ឋអាមេរិក គឺ​កើន​ឡើង​ប្រមាណ ១៤.៦៩% ធៀប​ទៅ​នឹងឆ្នាំ ២០១៧ ។ ទំនិញ​នាំ​ចេញ​សំខាន់ៗ​របស់​កម្ពុជា​ទៅកូរ៉េរួម​មាន អាវយឺត សំលៀកបំពាក់ ផ្នែក​គ្រឿង​អេឡិចត្រូនិក ស្បែកជើង វ៉លី តង់ និង​ កៅស៊ូ​ធម្មជាតិ​។ ចំណែក​ឯ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​កូរ៉េ​មកវិញ រួមមាន​ រថយន្ត ក្រណាត់ ទឹករ៉ែ​ធម្មជាតិ គ្រឿង​ electronic គ្រឿង​ចក្រ និង ផលិតផល​ថែ​សំរស់​៕

Related Articles