
ដោយៈ ទិន សុខាវុធ
នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ កម្ពុជាអាចនឹងនាំចេញទំនិញគ្រប់យ៉ាង ទៅលក់នៅលើទីផ្សារនៅក្នុងប្រទេសចំនួន ១៦ ស្ថិតក្នុងតំបន់អឺរ៉ុបខាងកើត ក្នុងលក្ខខណ្ឌដែលកិច្ចចរចារបង្កើតតំបន់ពាណិជ្ជកម្មសេរី (FTA) ជាមួយនឹងប្រទេសទាំងនោះ សំរេចបានជោគជ័យ។
នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្មប្រចាំឆ្នាំ ២០១៩ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងរបស់លោកបាននិងកំពុងធ្វើការចរចារពង្រីកទីផ្សារមានស្រាប់ ជាមួយនឹងប្រទេសចិននិងកូរ៉េ ព្រមទាំងធ្វើការចរចារផងដែរ បង្កើតតំបន់ពាណិជ្ជកម្មសេរីជាមួយនឹងក្រុមប្រទេសចំនួន ១៦ នៅក្នុងតំបន់អឺរ៉ុបខាងកើត ហៅកាត់ថា RCEP ។ ហើយបើអ្វីៗប្រព្រឹត្តទៅដោយរលូន កម្ពុជាអាចនឹងនាំទំនិញទៅលក់នៅលើទីផ្សារនៅក្នុងប្រទេសទាំងនោះដោយសេរីនៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ។
«ក្រសួងពាណិជ្ជកម្ម បាននឹងកំពុងពង្រីកទីផ្សារថ្មីៗទៅកាន់បណ្តាប្រទេសមួយចំនួននៅអឺរ៉ុបខាងកើត និងទីផ្សារដែលនៅមានសក្តានុពលនាំចេញ ដូចជាចិន ជប៉ុន និងកូរ៉េ តាមរយៈចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសរីរវាង ១៦ប្រទេស ដែលហៅកាត់ថា RCEP ដើម្បីឈានទៅចុះហត្ថលេខាក្នុងឆ្នាំ២០២០ខាងមុខនេះ» ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
លើសពីនេះទៀត លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា ទៅនឹងសេដ្ឋកិច្ចក្នុងតំបន់និងសេដ្ឋកិច្ចពិភពលោក ក្នុងការរៀបចំខ្លួនសំរាប់សេដ្ឋកិច្ចឌីជីតល់និងបដិវត្តឧស្សាហកម្មជំនាន់ទី ៤ ។
ទាក់ទងនឹងបញ្ហានេះ ថ្មីៗនេះ ធនាគារពិភពលោក (World Bank) បានចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួននូវអនុសាសន៍មួយចំនួន ដែលនៅក្នុងនោះ ការតភ្ជាប់សេដ្ឋកិច្ចកម្ពុជាទៅនឹងសេដ្ឋកិច្ចពិភពលោកនិងតំបន់ជាកត្តាមួយដ៏សំខាន់ ដែលអាចជួយធ្វើអោយកំណើនសេដ្ឋកិច្ចរបស់កម្ពុជាមានស្ថេរភាព នៅចំពោះមុខហានិភ័យនៃការបាត់បង់ EBA និងការចុះខ្សោយនៃកំណើនសេដ្ឋកិច្ចនៅប្រទេសចិនដែលជាប្រភពហិរញ្ញប្បទានដ៏សំខាន់សំរាប់កម្ពុជា។
យោងតាមធនាគារពិភពលោក ក្នុងបរិបទនៃការតភ្ជាប់សេដ្ឋកិច្ចកម្ពុជាទៅនឹងសេដ្ឋកិច្ចពិភពលោក កម្ពុជាចាំបាច់ត្រូវលើកស្ទួយវិស័យឯកជន និងសហគ្រិនភាព ដោយធ្វើយ៉ាងណាជួយសំរួលអោយវិនិយោគិននិងអ្នកជំនួញទាំងឡាយ អាចដាក់ទុនវិនិយោគនិងឬបើកមុខជំនួញរបស់ពួកគេ បានយ៉ាងងាយស្រួល៕
