
ដោយៈ ទិន សុខាវុធ
ស្ថានទូតចិនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០១៩ បានសរសេរនៅទំព័រ Facebook របស់ស្ថានទូតថា នាដើមឆ្នាំ ២០២០ ខាងមុខនេះ កម្ពុជានឹងអាចមានលទ្ធភាពនាំចេញផ្លែស្វាយក្នុងស្រុក ទៅលក់នៅលើទីផ្សារក្នុងប្រទេសចិនបាន បើសិនជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងប្រព្រឹត្តទៅដោយរលូន។
«ប្រសិនដំណើរការបានយ៉ាងរលូន និងជោគជ័យ នាដើមឆ្នាំក្រោយខាងមុខនេះ ប្រទេសចិន និងកម្ពុជានឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីអំពីការនាំចេញផ្លែស្វាយពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។ តាមអ្វីដែលបានដឹង ប្រទេសកម្ពុជាមានសក្តានុពលក្នុងការនាំចេញផ្លែស្វាយជាង៥០ម៉ឺនតោនទៅកាន់ប្រទេសចិនជារៀងរាល់ឆ្នាំ។ ដោយមើលទៅលើទំនាក់ទំនងដ៏ល្អប្រពៃនេះ ប្រទេសចិននាថ្ងៃខាងមុខនឹងបើកចំហទីផ្សារជូនដល់ផលិតផលកសិកម្មក្នុងប្រទេសកម្ពុជាកាន់តែច្រើន» នេះជាសំណេររបស់ស្ថានទូតចិន នៅលើទំព័រ Facebook របស់ខ្លួន។
ទាក់ទងនឹងផលិតផលកសិផលផ្លែស្វាយកម្ពុជា ក្រសួងកសិកម្ម រក្ខាប្រមាញ់ និង នេសាទ បានលើកឡើងថា ផ្លែស្វាយកម្ពុជានឹងត្រូវនាំចេញទៅលក់នៅលើទីផ្សាររបស់ប្រទេសជប៉ុនក្នុងអនាគតដ៏ខ្លីខាងមុខនេះដែរ នៅពេលដែលរាជរដ្ឋាភិបាលជប៉ុនបញ្ចប់និតិវិធីពិនិត្យនិងបើកផ្លូវអោយការនាំចូលផលិតផលផ្លែស្វាយកម្ពុជាទៅកាន់ទីផ្សាររបស់ខ្លូន។
ក្រសួងកសិកម្មបានអោយដឹងទៀតថា កាលពីដើមខែតុលានេះ នៅក្នុងជំណួបការងារជាមួយនឹងលោក Kanji KATO អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន លោករដ្ឋមន្ត្រីក្រសួងកសិកម្ម វ៉េង សាខុន បានលើកឡើងថា ប្រទេសជប៉ុនជាទីផ្សារប្រកបដោយសក្តានុពល សំរាប់ផលិតផលផ្លែឈើកម្ពុជា។ លើសពីនេះទៀត ប្រទេសជប៉ុនបានទទួលទិញរួចទៅហើយ នូវផលិផលផ្លែចេកអំបូងពណ៌លឿងរបស់កម្ពុជា។
បើតាមតួលេខរបស់ក្រសួងកសិកម្ម ចាប់តាំងពីខែកញ្ញាមក កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ជាង ៣៩,៨៦៤ តោន ទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃ៕
