
ដោយៈ ទិន សុខាវុធ
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើសុំអោយឯកអគ្គរាជទូតជប៉ុនថ្មី ធ្វើយ៉ាងណាជួយជំរុញ អោយមានជើងហោះហើរថ្មីៗបន្ថែមទៀត រវាងប្រទេសជប៉ុននិងកម្ពុជា ទោះបីជានៅពេលបច្ចុប្បន្ននេះ មានជើងហោះហើរពីទីក្រុងតូក្យូមកកាន់រាជធានីភ្នំពេញយ៉ាងណាក៏ដោយ។
ជាក់ស្តែង លោករដ្ឋមន្ត្រីបានសំណូមពរអោយមានការហោះហើរពីទីក្រុងតូក្យូមកកាន់ខេត្តសៀមរាប
និងទីក្រុងសំខាន់ៗមួយចំនួនទៀត បើអាចធ្វើទៅបាន។
យោងតាមទំព័រ Facebook របស់ក្រសួងទេសចរណ៍ សំណើរសុំរបស់លោករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកឯកអគ្គរាជទូតជប៉ុន MIKAMI Masahiro កាលពីពេលថ្មីៗនេះ នៅឯទីស្តីការក្រសួងទេសចរណ៍។
នៅក្នុងជំនួបនោះ លោករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរថា
កាលពីឆ្នាំ ២០១៨ កន្លងទៅ ក្នុងចំណោមភ្ញៀវទេសចរណ៍អន្តរជាតិ ៦ លាននាក់
មានភ្ញៀវទេសចរណ៍ជប៉ុនប្រមាណជាង ២០ ម៉ឺននាក់។ ហើយសំរាប់ដើមឆ្នាំ ២០១៩ នេះ
កម្ពុជាបានទទួលភ្ញៀវទេសចរណ៍ជប៉ុនសរុប ១៤ ម៉ឺននាក់។
លើសពីនេះទៀត លោករដ្ឋមន្ត្រីក៏បានសុំអោយភាគីជប៉ុន
ជួយរៀបចំអោយក្រុងសៀមរាបនិងក្រុងបាត់ដំបង ជាទីក្រុងវៃឆ្លាត (smart city) ព្រោះប្រទេសជប៉ុនមានបទពិសោធខ្ពស់
ខាងផ្នែកបច្ចេកវិទ្យាក្នុងការរៀបចំទីក្រុងទាំងឡាយ
អោយទៅជាទីក្រុងវៃឆ្លាត។
ដោយឡែក លោករដ្ឋមន្ត្រីបានកោតសរសើរវិនិយោគិនជប៉ុន ដែលកំពុងធ្វើការវិនិយោគនៅរមណីយដ្ឋានគិរីរម្យ ស្ថិតក្នុងខេត្តកំពង់ស្ពឺ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានសុំអោយភាគីជប៉ុនធ្វើយ៉ាងណាជំរុញវិនិយោគិនជប៉ុន អោយមកអភិវឌ្ឍតំបន់ទឹកពុះ (hot spring) ក្នុងស្រុកឱរ៉ាល់នៃខេត្តកំពង់ស្ពឺ អោយក្លាយទៅជាតំបន់ទេសចរណ៍ដ៏មានឥទ្ធិពលមួយ។
ជាការឆ្លើយតប លោកឯកអគ្គរាជទូតជប៉ុន បានទទួលយកសំណូមពររបស់លោករដ្ឋមន្ត្រី ហើយលោកទូតបានសន្យាថានឹងជួយជំរុញអោយវិនិយោគិនជប៉ុន មកបណ្តាក់ទុនរកស៊ីក្នុងវិស័យទេសចរណ៍នៅកម្ពុជា អោយបានកាន់តែច្រើនឡើងថែមទៀត៕
