
ដោយៈ ទិន សុខាវុធ
លោកឧកញ៉ា គិត ម៉េង បានសុំអោយប្រទេស Czech បោះទុនវិនិយោគក្នុងវិស័យអាកាសចរណ៍ផលិតយន្តហោះធុនស្រាល លក់នៅលើទីផ្សាររបស់ ASEAN ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន AKP ដែលជាស្ថាប័នសារព័ត៌មានមួយរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៩ នៅក្នុងដំណើរទស្សកិច្ចផ្លូវរដ្ឋមួយជាមួយនឹងប្រតិភូរបស់រាជរដ្ឋាភិបាល ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសាធារណរដ្ឋ Czech លោកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចរចារជាមួយនឹងភាគី Czech សុំអោក្រុមហ៊ុន Czech ពិនិត្យមើលលទ្ធភាពបោះទុនវិនិយោគផលិតយន្តហោះធុនស្រាលនៅកម្ពុជា។
លើសពីនេះទៀត លោកឧកញ៉ា គិត ម៉េង ក៏បានពិភាក្សាផងដែរជាមួយនឹងភាគី Czech ក្នុងការបើកការហោះហើរត្រង់ រវាងកម្ពុជានិងសាធារណរដ្ឋ Czech ព្រមទាំងការវិនិយោគមួយចំនួនទៀតនៅកម្ពុជា មានដូចជាការវិនិយោគក្នុងវិស័យទេសចរណ៍ ឧស្សាហកម្មផលិតម្ហូបអាហារ សំណង់ រោងចក្រតំឡើងរថយន្ត រោងចក្រផលិតអគ្គិសនី និង សន្តិសុខតាមប្រព័ន្ធ Internet ។
ប្រទេស Czech ត្រូវបានគេស្គាល់ថាជាប្រទេសអភិវឌ្ឍន៍មួយ ដែលមានសមត្ថភាពអាចផលិតយន្តហោះធុនស្រាលមួយចំនួន លក់ចេញទៅប្រទេសជាច្រើន នៅជុំវិញពិភពលោក។ មួយវិញទៀត ប្រទេសនេះត្រូវជាប់ចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីប្រទេសបារាំងនិងអាល្លឺម៉ង់ ក្នុងការផលិតយន្តហោះធុនស្រាល។
យន្តហោះធុនស្រាលផលិតនៅប្រទេស Czech មានដូចជា LET-410, L-29 Delfin, L-39 Albatros, L-59 Super Albatros, and L-159 Alca ជាដើម៕

