We TV Cambodia

កម្ពុជាសម្រុកកែលម្អតំបន់ទេសចរណ៍ ត្រៀមចាប់ឱកាសធំក្រោយកូវីដ១៩

កម្ពុជាសម្រុកកែលម្អតំបន់ទេសចរណ៍ ត្រៀមចាប់ឱកាសធំក្រោយកូវីដ១៩

ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ មក វិស័យទេសចរណ៍បានធ្លាក់រាបដល់ដី ខណៈតំបន់ទេសចរណ៍បានប្រែជាស្ងាត់ជ្រងំ ដោយសារតែគ្មានភ្ញៀវទេសចរណ៍មកកំសាន្ត ដែលបានបង្ករជាបញ្ហាយ៉ាងធំដល់អ្នករកស៊ី និងបុគ្គលិកក្នុងវិស័យទេសចរណ៍ រួមទាំងធ្វើឲ្យចំណូលរដ្ឋធ្លាក់ចុះផងដែរ។

ក្នុងស្ថានភាពដ៏លំបាកនេះ រដ្ឋាភិបាលបានប្រែក្លាយបញ្ហាមកជាការអភិវឌ្ឍន៍ និងត្រៀមចាប់យកឱកាសធំក្រោយវិបត្តិកូវីដ១៩ វិញ ពោលរដ្ឋាភិបាលបានសម្រុកកែលម្អតំបន់ទេសចរណ៍ជាច្រើនឲ្យមានភាពស្រស់ស្អាត និងទាក់ទាញជាងមុនផងដែរដូចជា ឆ្នេរសមុទ្រ និងផ្លូវថ្មីៗជាច្រើនក្នុងខេត្តព្រះសីហនុ, ការកែលម្អជុំវិញតមបន់ប្រាសាទអង្គបវត្ត, សាងសង់ផ្លូវ ៣៨ខ្សែក្នុងខេត្តសៀមរាប និងការរុះរើសំណង់ខុសច្បាប់ជុំវិញតំបន់ទេសចរណ៍ជាដើម។

ជាក់ស្ដែង បរិវេណមុខប្រាសាទអង្គរវត្តត្រូវបានកែលម្អ និងរៀបចំឡើងវិញ ដោយមានការរៀបចំសួនច្បារបៃតង, ដាំឈើប្រណិតដូចជាធ្នង់ បេង, ដាំឈើផ្កាព្រៃ ក៏ដូចជាសណ្ដាប់ធ្នាប់របៀបរៀបរយនៅកន្លែងលក់ដូរ និងចំណតជាដើម ដោយមិនអនុញ្ញាតឲ្យមានការលក់ដូររញ៉េរញ៉ៃ និងចំណតយានយន្តគ្មានសណ្ដាប់ធ្នាប់ទៀតឡើយ។

ជាមួយគ្នានេះ ផ្លូវក្នុងក្រុងសៀមរាបចំនួន ៣៨ខ្សែ មានប្រវែងសរុប ៩៨គីឡូម៉ែត្រ ដែលចំណាយទឹកប្រាក់ជាង ១៥០លានដុល្លារ ក៏នឹងគ្រោងបើកការដ្ឋានសាងសង់នៅពាក់កណ្តាលខែវិច្ឆិកានេះដែរ ប៉ុន្តែត្រូវពន្យាពេលបន្តិចដោយសារតែសម្តេច ហ៊ុន សែន កំពុងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។ បន្ទាប់ពីផ្លូវនេះសាងសង់រួចរាល់ ខេត្តសៀមរាបក៏នឹងផ្លាស់ប្ដូរមុខមាត់ថ្មីផងដែរ។

សូមជម្រាបថា ក្រោយការចំណាយទឹកប្រាក់រាប់លានដុល្លារក្នុងការកែលម្អ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗទាំងនេះ កម្ពុជាក៏រំពឹងទទួលបានភ្ញៀវទេសចរណ៍មកកំសាន្តកាន់តែច្រើនឡើងផងដែរ ក្រោយវិបត្តិកូវីដ១៩។

អត្ថបទដោយ៖ Nevin

Related Articles