We TV Cambodia

កម្ពុជារំពឹងថា កំណើនសេដ្ឋកិច្ចនឹងងើបឡើងវិញក្នុងអត្រា៣,៥ ភាគរយនៅឆ្នាំ២០២១

កម្ពុជារំពឹងថា កំណើនសេដ្ឋកិច្ចនឹងងើបឡើងវិញក្នុងអត្រា៣,៥ ភាគរយនៅឆ្នាំ២០២១

សម្រួលអត្ថបទ៖ រដ្ឋ ស្រីពេជ្រ

ភ្នំពេញ៖ រដ្ឋាភិបាលរំពឹងថា កំណើនសេដ្ឋកិច្ច នឹងងើបឡើងវិញក្នុងអត្រា៣,៥ភាគរយ នៅឆ្នាំ២០២១ខាងមុខនេះ បន្ទាប់ពីឆ្នាំ២០២០នេះ បានធ្លាក់ដល់ដក២ភាគរយ(-២%) ដោយសារវិបត្តិនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ។

បើតាម រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរត្ន មានប្រសាសន៍ថា បើសិនការរាតត្បាតនៃជំងឺកូវីដ-១៩ មានការថយស្រាកស្រាន្តនឹងរុញច្រាន កំណើនសេដ្ឋ កិច្ចកម្ពុជាបានប្រសើរឡើង ដោយក្នុងនោះអាចងើបឡើងវិញក្នុងអត្រា៣,៥ភាគរយ ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុបផ.ស.ស)សម្រាប់មនុស្សម្នាក់ឡើងដល់១,៧៧១ដុល្លារ ដែលនៅឆ្នាំ ២០២០នេះ ធ្លាក់មកនៅត្រឹមជាង ១,៦០០ដុល្លារ។

ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងខិតខំជំរុញ និងស្តារសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ឱ្យងើបឡើងវិញ តាមរយៈការសម្រួលនិងផ្តល់ឥណទាន ការបន្តផ្តល់ភាពអនុគ្រោះពន្ធដល់វិស័យឧស្សាកម្មសំខាន់ៗដូចជា សហគ្រាសធុនតូច និងមធ្យម វិស័យទេសចរណ៍មាន សេវាសណ្ឋាគារ ភោជនីយដ្ឋាន ជាដើម ។

ជាមួយគ្នានេះ ក៏បន្តត្រៀមកញ្ចប់ថវិកាជាតិ ជាង២០០លានដុល្លារ បន្ថែមទៀត ដើម្បីបម្រុងលើការស្តារសេដ្ឋកិច្ចរបស់ប្រជាជន នៅពេលជំងឺកូវីដ-១៩ នៅតែបន្តរាតត្បាត និងមិនថមថយ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អះអាងថា មកដល់ពេលនេះ រាជរដ្ឋាភិបាលបានបញ្ចេញថវិកាជាតិអស់ជាង២០០លានដុល្លាររួចទៅហើយ សម្រាប់ចំណាយលើការជួយស្តារសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ក្នុងរយ:ពេលជួបវិបត្តិដោយការរាតត្បាតនៃជំងឺកូវីដ- ១៩ ។

យោងតាមការព្យាករណ៍របស់ធនាគារពិភពលោក ក៏បានបង្ហាញដែរថា ក្នុងឆ្នាំ២០២១ សេដ្ឋកិច្ចរបស់កម្ពុជានឹងងើបឡើងវិញ ក្នុងអត្រាជិត៤
ភាគរយ៕

 

Related Articles