We TV Cambodia

កម្ពុជារកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន៥នាក់ថ្មីទៀត

កម្ពុជារកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន៥នាក់ថ្មីទៀត

ដោយ៖ពេជ្រ
ភ្នំពេញ៖ កម្ពុជាបានរកឃើញករណីវិជ្ជមានកូវីដ១៩ លើមនុស្ស៥នាក់ ដែលក្នុងនោះមានជនជាតិខ្មែរចំនួន៣នាក់ និងជនជាតិអាមេរិកចំនួន២នាក់ ដែលជាករណីនាំចូលពីក្រៅប្រទេស។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃ១៧ កក្កដា ឆ្នាំ២០២០។

ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០៥នាក់ ដែលក្នុងនោះមានបុរសជនជាតិខ្មែរចំនួន០២នាក់ ស្ត្រីជនជាតិខ្មែរ០១នាក់ និងបុរសជនជាតិអាមេរិកចំនួន០២នាក់ ហើយករណីវិជ្ជមានទាំង៥នាក់នេះគឺនាំចូលពីអាមេរិក។

ក្រសួងសុខាភិបាលបានឱ្យដឹងថា បុគ្គលទាំងបីនាក់នេះ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរលេខ BR265 នៅប្រទេសចិន (តៃប៉ិ) មកដល់ប្រទេសកម្ពុជាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។ លទ្ធផលវិភាគវត្ថុសំណាក របស់ពួកគេទាំងបីនាក់ ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ហើយ បច្ចុប្បន្នត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម រាជធានីភ្នំពេញ។

ដោយឡែក ករណីជនជាតិអាមេរិក ០២នាក់ វិជ្ជមានវីរុសកូវីដ១៩ ជាមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកក កាន់វីសាប្រភេទ A  កំពុងស្នាក់នៅបន្ទប់ដោយឡែក ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា រាជធានីភ្នំពេញ។

គួរលំរឹកដែរថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ទាំងអស់ នៅទូទាំងប្រទេស សរុបចំនួន ១៧១នាក់ (ស្ត្រី ៤២នាក់ និងបុរស ១២៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ១៣៣នាក់ (ស្រី ៣៩នាក់ និងបុរស ៩៤នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន៣៦នាក់ និងសម្រាកព្យាបាលនៅបន្ទប់ដោយឡែក ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ជាជនជាតិអាមេរិក០២នាក់។

សូមបញ្ជាក់ជូនថា តាមជើងហោះហើរនេះ មានអ្នកដំណើរសរុបចំនួន ៧៧នាក់ (ស្រី្ត ២៦នាក់ ក្មេងតូច ០២នាក់ កុមារ ៤នាក់ និងបុរស ៤០ នាក់) ដែលក្នុងចំនួនសរុបនេះ មានជនជាតិចិន (តៃវ៉ាន់) ៣៦នាក់ ជនជាតិជប៉ុន ០១នាក់ និងជនជាតិអាម៉េរិក កាំង ១៩នាក់។ អ្នកដំណើរដែលមានលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ទាំងអស់ត្រូវបានដាក់ឱ្យធ្វើចត្តាឡី ស័កចំនួន១៤ថ្ងៃ ដើម្បីតាមដានសុខភាពបន្ត ដោយចែកចេញជា៖ ចំនួន០៨នាក់នៅមណ្ឌលចត្តាឡីស័ក ទ័ពអាកាស រាជធានីភ្នំពេញ និងចំនួន ៦៦នាក់ នៅសណ្ឋាគារអូខេប៉ាឡេស រាជធានីភ្នំពេញ៕

Related Articles