We TV Cambodia

កម្ពុជាមានសាច់ប្រាក់សុទ្ធ៣ពាន់លានដុល្លារ និងទុនបម្រុងអន្តរជាតិជាង ២០ពាន់លានដុល្លារ

កម្ពុជាមានសាច់ប្រាក់សុទ្ធ៣ពាន់លានដុល្លារ និងទុនបម្រុងអន្តរជាតិជាង ២០ពាន់លានដុល្លារ

ដោយ៖ពេជ្រ

ភ្នំពេញ៖  កម្ពុជាមានសាច់ប្រាក់សុទ្ធក្នុងដៃប្រមាណ៣ពាន់លានដុល្លារ ទុនបម្រុងអន្តរជាតិជាង ២០ពាន់លានដុល្លារ និងមាសជាង ៤៤តោន  សម្រាប់ទុកបំពេញតម្រូវការ សេដ្ឋកិច្ចជាតិ។ នេះបើតាមប្រសាសន៍សម្ដេចនាយករដ្ឋមន្រ្តី កាលពីថ្ងៃម្សិលមិញនេះ។

សម្ដេច ហ៊ុន សែន  បានមានប្រសាសន៍ថា  គិតត្រឹមម៉ោង ៥ ថ្ងៃទី ២៨ ខែ ធ្នូ កម្ពុជាមានសាច់ប្រាក់សុទ្ធកាន់ក្នុងដៃ ដែលទុកនៅរតនាគារជាតិ ប្រមាណ ១៣លានលានរៀល ស្មើនឹង(ប្រមាណ ៣ពាន់លានដុល្លារ) និងមានទុនបម្រុងអន្តរជាតិជាង ២០ពាន់លានដុល្លារ ក្នុងនោះក៏មានមាស ៤៤តោន ៤រយគីឡូក្រាមផងដែរ ។

សម្តេច បន្តថា ចំពោះទុនបម្រុងអន្តរជាតិ គឺជារបាយការណ៍ទើបចេញកាលពីថ្ងៃទី២៥ ធ្នូ ហើយទុនបម្រុងផ្លូវការរបស់ប្រទេសកម្ពុជា មានជាង ២០ពាន់លានដុល្លារ ក្នុងនោះក៏មានមាស ៤៤តោន៤រយគីឡូក្រាមផងដែរ ជាកេរ្តិ៍មរតករបស់ព្រះករុណាព្រះបរមរតនកោដ្ឋ។

សម្ដេចបានបញ្ជាក់ថា ចំពោះមាសទាំង ៤៤តោន ៤រយគីឡូក្រាមនេះ មានតម្កល់នៅប្រទេសស្វីសចំនួន ១២តោន ៤រយគីឡូក្រាម ជាមរតករបស់ព្រះបរមរតនកោដ្ឋបន្សល់ទុកតាំងពីសម័យសង្គមរាស្ត្រ និយម និងតម្កល់ទុកនៅធនាគារកណ្ដាលអង់គ្លេស ១៧តោនទើបតែទិញថ្មី  និងចំនួន ១៥តោន តម្កល់ទុកនៅធនាគារជាតិកម្ពុជា ៕

 

Related Articles