We TV Cambodia

កម្ពុជាមានវត្តមានសត្វក្រពើភ្នំច្រើនជាងគេលើពិភពលោក ខណៈមន្រ្តីបង្ហាញពីការខិតខំអភិរក្សនិងស្តារពូជបន្ថែមទៀត

កម្ពុជាមានវត្តមានសត្វក្រពើភ្នំច្រើនជាងគេលើពិភពលោក ខណៈមន្រ្តីបង្ហាញពីការខិតខំអភិរក្សនិងស្តារពូជបន្ថែមទៀត

ដោយ៖ពេជ្រ

មណ្ឌលគិរី៖ មន្រ្តីនៃអង្គការមូលនិធិសាកលសម្រាប់ធម្មជាតិ(WWF)បានថ្លែងថានាពេលបច្ចុប្បន្ននេះកម្ពុជានៅសេសសល់ក្រពើភ្នំដែលជាសត្វដ៏កម្របំផុតនៅលើពិភពលោកចំនួនប្រមាណ២០០-៣០០ក្បាល ហើយក្នុងចំណោមនេះស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញទឹកដីខេត្តកោះកុង និងមួយចំនួនទៀតស្ថិតនៅតាមតំបន់ទន្លេស្រែពកក្នុងទឹកដីខេត្តមណ្ឌលគិរី។

នៅក្នុងអំឡុងដំណើរទស្សនកិច្ចសារព័ត៌មានដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅដែលជម្រកសត្វព្រៃស្រែពកកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ កញ្ញា MILOU Groenenbrg ប្រធានផ្នែកតាមដាននិងអ្នកស្រាវជ្រាវជីវចម្រុះនៃអង្គការWWFបានឱ្យដឹងថានៅដងទន្លេស្រែពកនិងភ្នំព្រេចខេត្តមណ្ឌលគិរីគេបានប្រទះឃើញដានវត្តមានសត្វក្រពើភ្នំ។ កញ្ញាបានបន្តឱ្យដឹងថាសត្វក្រពើភ្នំជាប្រភេទសត្វដែលអៀនច្រើន ហេតុនេះគេកម្រឃើញវាដោយផ្ទាល់ភ្នែកណាស់។ដោយហេតុនេះដើម្បីដឹងថាវាពិតជាមានវត្តមាននៅកម្ពុជានោះគេចាំបាច់ត្រូវតាមដានពីដានជើង,រូងរបស់វារស់នៅឬក៏លាមករបស់សត្វប្រភេទនេះជាចាំបាច់។យ៉ាងណាក្តីសម្រាប់ស្លាកស្នាមនិងអត្តសញ្ញាណដែលគេដឹងថាសត្វប្រភេទនេះពិតជាមានវត្តមានពិតឬក៏អត់នោះមានភាពងាយស្រួលដោយសារស្លាកស្នាមរបស់វាមានភាពច្បាស់លាស់និងងាយស្រួលចំណាំផង។

កញ្ញា MILOU Groenenbrg បានថ្លែងដែរថា នៅឆ្នាំ២០១៩ គេបានធ្វើការសិក្សាស្រាវជ្រាវពីសត្វក្រពើភ្នំម្តងមកហើយ។ ចំណែកក្នុងឆ្នាំ២០២១នេះគេនឹងធ្វើការ សិក្សាស្រាវជ្រាវឱ្យបានទូលំទូលាយជាងឆ្នាំកន្លងមក។ចំពោះការសិក្សាស្រាវជ្រាវនេះដែរគឺប្រយោជន៍ដើម្បីអភិរក្សក៏ដូចជាស្តារនូវពូជសត្វប្រភេទនេះឱ្យកាន់តែមានច្រើននៅកម្ពុជា។ចំពោះការសិក្សានាឆ្នាំ២០២១នេះដែរដើម្បីឱ្យបានដឹងច្បាស់លាស់ថាសត្វប្រភេទនេះមានប៉ុន្មានក្បាលហើយវាមានវត្តមាននៅទីណាខ្លះនៅកម្ពុជា។ជាមួយគ្នាក្នុងឆ្នាំនេះដែរអង្គការរបស់WWFនឹងសិក្សាទៅលើកត្តាគំរាមកំហែងរបស់វាផងដែរ។

ជុំវិញបញ្ហាការស្តារសត្វក្រពើភ្នំឡើងវិញនេះដែរ កញ្ញា MILOU Groenenbrg បានបញ្ជាក់ថាបើសិនករណីសត្វប្រភេទនេះស្ថិតនៅក្នុងកម្រិតមួយប្រឈមនឹងការគំរាមកំហែងខ្លាំងនិងពិសេសការឈានដល់បាត់បង់ពូជនោះគេនឹងធ្វើការបង្កាត់ពូជវា រួចហើយយកកូនក្រពើភ្នំទាំងនោះទៅពន្លែងក្នុងតំបន់សុវត្តិភាពដែលវារស់នៅ។ ទាក់ទិនទៅនឹងការស្តារឡើងវិញនៃសត្វប្រភេទនេះដែរគេនឹងធ្វើការជជែកជាមួយថ្នាក់គ្រប់គ្រងអាជ្ញាធរមូលដ្ឋានក៏ដូចជាមន្រ្តីពាក់ព័ន្ធដើម្បីរកភាពច្បាស់លាស់មួយ។សម្រាប់ នៅតំបន់ដងទន្លេស្រែពកគឺជាទីកន្លែងល្អមួយក្នុងការស្តារសត្វប្រភេទនេះ ដោយសារតែវាជាទីតាំងតំបន់ស្នូលដែលជាកន្លែងអភិរក្សដ៏សំខាន់ ហើយក៏ស្ថិតនៅឆ្ងាយពីសហគមន៍ដែលពលរដ្ឋរស់នៅ។

ប្រភព៖ ក្រសួងបរិស្ថាន

 

Related Articles