ព្រះវិហារ៖ បណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនបាន ចុះផ្សាយជាបន្ដបន្ទាប់ ស្ដែងចេញពី ក្រុមហ៊ុន រុករករ៉ែស្របច្បាប់របស់អូស្រ្ដាលី ឈ្មោះ Geopacific Resources ស្ថិតក្រោមគម្រោង Kou Sa បានស្វែងរកឃើញនូវ កំណប់រ៉ែមាសជាច្រើនមហាសាល ស្ថិតក្នុងខេត្ដព្រះវិហារ ខណៈដែលជម្រៅនៃរណ្ដៅ នៅមានជម្រៅរាក់នៅឡើយ។
ពត៌មានលាតត្រដាង អំពីការរកឃើញរ៉ែមាស និងស្ពាន់នេះ គឺជាលើកទីពីរហើយនៅឆ្នាំនេះ បន្ទាប់ពីការរកឃើញលើកដំបូងត្រូវបានប្រកាសកាលពីដើមខែមករា។ រ៉ែមាស និងស្ពាន់ ដែលរកឃើញនេះ ស្ថិតក្នុងអណ្ដូងរ៉ែជម្រៅរាក់ ដែលមានកម្រិតរ៉ែយ៉ាងច្រើន ដោយស្ថិតនៅការដ្ឋានអណ្ដូងរ៉ែ១១៨ ដែលជាអណ្ដូងមួយដែលទើបតែជីក ហើយគេរំពឹងថានឹងអាចរកឃើញកាន់តែច្រើនបន្ថែមទៀត ប្រសិនបើប្រើគ្រឿងចក្រខួងរយៈជម្រៅជ្រៅ។
ទីតាំងអណ្ដូង កំណប់រ៉ែដ៏មហាសាល មានតម្ឡៃជាទឹកប្រាក់រាប់ពាន់លានដុល្លារ នេះគឺស្ថិតនៅក្នុង ចំណុចភ្នំលុង ក្នុងស្រុករវៀង ខេត្តព្រះវិហារ។
អត្ថបទដោយ៖ អឿ អ៊ុយ
