We TV Cambodia

កម្ពុជានៅខ្វះធនធានមនុស្ស ដើម្បីទាក់ទាញវិនិយោគិនបរទេស

កម្ពុជានៅខ្វះធនធានមនុស្ស ដើម្បីទាក់ទាញវិនិយោគិនបរទេស

ការទាក់ទាញវិនិយោគិនបរទេសឲ្យចូលមករកស៊ីក្នុងប្រទេសមួយវាជារឿងចាំបាច់បំផុត ដើម្បីអភិវឌ្ឍន៍ និងបង្កើនសន្ទុះសេដ្ឋកិច្ច ប៉ុន្តែដើម្បីអាចទាក់ទាញវិនិយោគិនបរទេសបានវាមិនមែនជារឿងងាយស្រួលនោះទេ ព្រោះមុនសម្រេចចិត្តចូលមកវិនិយោគក្នុងប្រទេសណាមួយ គេត្រូវមើលលើកត្តាច្រើន ហើយកត្តាដែលចម្បងជាងគេ គឺធនធានមនុស្ស។

សម្រាប់កម្ពុជាយើង ធនធានមនុស្សគឺនៅមានមានភាពខ្វះខាតច្រើន ទាំងសមត្ថភាព បច្ចេកទេស និងជំនាញ ដែលធ្វើឲ្យវិនិយោគិនបរទេស មិនសូបចាប់អារម្មណ៍ចូលមកវិនិយោគប៉ុន្មានទេ ទោះបីកម្លាំងពលកម្ម ឬប្រាក់បៀវត្សមានតម្លៃថោកក៏ដោយ។

ជាមួយគ្នានេះ ថ្វីត្បិតថាបច្ចុប្បន្នសិស្សនិស្សិតកម្ពុជាកាន់តែច្រើនឡើងទទួលបានការអប់រំដល់ថ្នាក់បរិញ្ញាបត្រ និងខ្លះទៀតឈានដល់ការបន្តការសិក្សានៅក្រៅប្រទេសក្ដី ប៉ុន្តែចំនួននៃអ្នកដែលមានសមត្ថភាពអាចប្រើការបាននៅមានកម្រិតទាបនៅឡើយ ពោលមួយចំនួនធំនៃសិស្សនិស្សិតកម្ពុជា ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ហាក់នៅមានសមត្ថភាពទាបក្នុងការធ្វើការងារ ឬធ្វើការងារក្នុងតំណែងទាប ហើយមានតែមួយចំនួនតូចប៉ុណ្ណោះ ដែលមានសមត្ថភាពទទួលបានតំណែងខ្ពស់ៗ។

មិនតែប៉ុណ្ណោះ បើប្រៀបធៀបជាមួយប្រទេសជិតខាង កម្ពុជាកាន់តែបាត់បង់ឱកាសក្នុងការទាក់ទាញវិនិយោគិនបរទេសថែមទៀត ដោយសារប្រទេសនៅជិតខាងកម្ពុជា ២ គឺថៃ និងវៀតណាម សុទ្ធតែជាប្រទេសដែលមានប្រជាជនច្រើន គឺច្រើនជាងកម្ពុជា ៥ ទៅ ៦ដងឯណោះ ហើយធនធានមនុស្សក្នុងប្រទេសទាំង ២ នេះក៏មានចំនួនច្រើន និងមានសមត្ថភាពជាងកម្ពុជាផងដែរ។

សូមជម្រាបថា នេះគ្រាន់តែជាកត្តាធនធានមនុស្សមួយប៉ុណ្ណោះ ដោយមិនទាន់រាប់បញ្ចូលកត្តាមួយចំនួនទៀតដូចជា ច្បាប់, ស្ថិរភាពនយោនបាយ, ថ្លៃកម្លាំងពលកម្ម, ការដឹកជញ្ជូន, វត្ថុធាតុដើម, កំណើនសេដ្ឋកិច្ច និងការអនុគ្រោះផ្លូវច្បាប់ផ្សេងៗទៀតនៅឡើយទេ។

អត្ថបទដោយ៖ Nevin

Related Articles