ការនាំចេញអង្ករ របស់កម្ពុជាទៅកាន់ទីផ្សារ អន្ដរជាតិកាលពីខែមុន ទទួលបានតម្លៃ កើនឡើង ពី៥០ដុល្លារ ទៅ ១០០ដុល្លារក្នុងមួយតោន ជាប្រភេទ អង្ករក្រអូប។ នេះបើយោងតាមការចុះផ្សាយគេហទំព័រព័ត៌មានក្នុងស្រុក ដកស្រង់ចេញពីរបាយការណ៍ សហព័ន្ធស្រូវអង្ករកម្ពុជា។
លោក លន់ យេង អនុរដ្ឋលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់អ្នកសារព័ត៌មានថា ដោយសារតែមានការរីករាលដាលមេរោគ កូវីដ១៩ បណ្ដាលឲ្យបណ្ដាព្រំដែនប្រទេសជាច្រើនមានការរឹតត្បិតខ្លាំង ជាពិសេសការនាំចេញនាំចូលទំនិញ បូករួមទាំងការនាំចេញ ចូលស្រូវអង្ករផងដែរ ដែលមានការធ្វើឲ្យលំបាក ជាកត្ដាបង្ហាញនូវ ការឡើងថ្លៃទំនិញ។ រឿងមួយវិញទៀត ដោយប្រទេសដែលកម្ពុជានាំចេញទៅកាន់នោះគឺ កំពុងតែស្ថិតក្នុងស្ថានភាពខ្វះខាត អង្ករ ក្នុងឃ្លាំង ខណៈដែលតម្រូវការកាន់តែកើតមាន។
ការនាំចេញអង្ករកម្ពុជា ជាប្រភេទអង្ករ ផ្ការម្លឹះដែលកំពុងតែត្រូវប៉ាន់ទីផ្សារអន្ដរជាតិបានតម្លៃខ្ពស់។ ចំណែកប្រភេទអង្ករ ស ក្នុងខណៈពេលថ្មីៗនេះមិនអាចនាំចេញបានទៅក្រៅនោះទេ ព្រោះរដ្ឋាភិបាល ទើបតែចេញសេចក្ដីសម្រេច មិនឲ្យមានការនាំចេញអង្ករ ប្រភេទអង្ករ ស ព្រោះត្រូវរក្សាទុកសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដើម្បីធានាឲ្យបាននូវការសុវត្ថិភាពស្បៀងអាហារ ខណកម្ពុជាកំពុងតែ ទទួលរងនូវការរាតត្បាតពីមេរោគកូវីដ១៩។
យោងតាមការស្រាវជ្រាវរបស់វិទ្យាស្ថានស្រូវអង្ករអន្ដរជាតិ មានមូលដា្ឋននៅប្រទេស ហ្វីលីពីន បានលើកឡើងថា ការកើនឡើងតម្លៃស្រូវអង្ករ គឺជានិន្នាការជាសកល មិនថារយៈពេលខ្លីឬវែងនោះទេ ដរាបណាមេរោគ កូវីដ១៩នេះ នៅតែមិនអាចបញ្ចប់បាន។ តាមបណ្ដាឃ្លាំងទំនិញ ធន់តូចនិង មធ្យម កំពុងតែកើនឡើងតម្រូវការ ហើយប្រសិនបើ តាមបណ្ដាប្រទេសដែលនាំអង្ករចេញ ផ្សេងដូចជា កម្ពុជា វៀតណាម ឥណ្ឌាជាដើម ត្រូវបានផ្អាក នោះទីផ្សារកាន់តែមានការកើនឡើងលើសពីនេះទៅទៀត។ តួយ៉ាង ដូចជាការនាំចេញអង្កររបស់ប្រទេសថៃ អាចនឹងលើងថ្លៃពី ៥២៥ដុល្លារ ក្នុងមួយតោន ឡើងដល់ ៦៧១ ដុល្លារ ក្នុងមួយតោន។
ដោយ៖ Stince