ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២០នេះ កម្ពុជានាំចេញម៉ាស និងសម្ភារពេទ្យគិតជាទឹកប្រាក់បានប្រមាណ ១៩១,៣លានដុល្លារ មានការកើនឡើង១៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែ ៨៣,៣៦លានដុល្លារប៉ុណ្ណោះ ។ នេះបើយោងតាមរបាយការណ៍ស្ដីពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
របាយការណ៍ដដែលនោះ បានបង្ហាញថា បច្ចុប្បន្នកម្ពុជាមានរោងចក្រចំនួន៧ និងសិប្បកម្មចំនួន ៧មូលដ្ឋាន ដោយមួយចំនួនក្នុងចំណោមនេះ កំពុងផលិតសម្ភារបរិក្ខាការពារជំងឺឆ្លងរួចទៅហើយ និងមួយចំនួនទៀតបាន និងកំពុងសុំចុះបញ្ជីផលិតម៉ាស និងសម្លៀកបំពាក់ពេទ្យ។
ជាមួយគ្នានេះ ប្រសិនបើរោងចក្រ និងសិប្បកម្មទាំងនោះដំណើរការផលិតពេញលេញ កម្ពុជានឹងមានសមត្ថភាពផលិតម៉ាសចំនួន ១៣៨លាន, សម្លៀកបំពាក់ ២០,៧លាន និងមួកចំនួន ៩,៦លាន ក្នុងមួយខែៗ។ ចំពោះទីផ្សារដែលកម្ពុជានាំចេញម៉ាស និងសម្ភារពេទ្យច្រើនជាងគេរួមមាន៖ ចិន ជប៉ុន អាមេរិក និងសហភាពអឺរ៉ុប។
សូមរំលឹកថា កាលពីខែឧសភាកន្លងទៅ រដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យមានការនាំចេញមុខទំនិញការពារជំងឺឆ្លងគ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិ និងបានលើកទឹកចិត្តឲ្យបណ្ដារោងចក្រកាត់ដេរផ្លាស់មកផលិតសម្ភារការពារជំងឺឆ្លងវិញម្ដង សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងក្រៅស្រុក។
អត្ថបទដោយ៖ Nevin