បើយោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល បានបង្ហាញនៅក្នុងសន្និសីទសារព័ត៌មាស្តីពី វឌ្ឍនភាពក្រសួងរ៉ែ និងថាមពលនិងទិសដៅបន្តកាលពីថ្ងៃទី ២១ ខែមេសា បានឲ្យដឹងថា កម្ពុជាទទួលបានការវិនិយោគទុនលើវិស័យរ៉ែ ជាច្រើនមានដូចជា ផ្នែករ៉ែមាសចំនួន១០៧,១៦លានដុល្លារអាមេរិក ផ្នែករ៉ែ សំណង់មានទឹកប្រាក់៧៥,២៨ លានដុល្លារអាមេរិក ផ្នែករ៉ែលោហៈ មានចំនួន១៥៨,៦លានដុល្លារអាមេរិក និងចុងក្រោយ លើផ្នែកលោហៈមានចំនួន ៨១៦,៩៣លានដុល្លារអាមេរិក សរុបទាំងអស់១១៥៧,៩៧លានដុល្លារអាមេរិក។
អគ្គនាយកដ្ឋានពន្ធដារបានប្រមូលពន្ធពីក្រុមហ៊ុនប្រកបអាជីវកម្មធនធានរ៉ែ ដែលជាចំណូលមិនមែនជាសារពើពន្ធពីវិស័យរ៉ែ ដែលក្រសួង ប្រមូលបានក្នុងឆ្នាំ២០១៩ មានចំនួន៨៥,៩៨៣លានរៀល ជា កំណើនស្មើនឹងប្រមាណ១៨ ភាគរយធៀបនឹងឆ្នាំ ២០១៨។
លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងមុតមាំ របស់រាជរដ្ឋាភិបាល វិស័យរ៉ែ បានបើកចំហរ និង ទាក់ទាញអ្នកវិនិយោគឯកជន ចូលរួមមកសិក្សាស្រាវជ្រាវ ក៏ដូចជាធ្វើអាជីវកម្ម ឧស្សាហកម្មរ៉ែ នៅកម្ពុជាយ៉ាងផុលផុស។ វិស័យរ៉ែបានចូលរួមចំណែក ក្នុងកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកំណើនសេដ្ឋកិច្ចជាតិកាន់តែធំឡើងៗ ស្ថិតក្នុងដំណាក់កាលថ្មីៗនេះ រាជរដ្ឋាភិបាល ក៏បានកែសម្រួល និងកសាងលិខិតបឬដ្ឋានគតិយុត្តិសំខាន់ៗ ដើម្បីគាំទ្រ និងទាក់ទាញវិនិយោគិនក្នុងវិស័យរ៉ែប្រកបដោយប្រសិទ្ធិភាពខ្ពស់ទៅទៀត។
ដោយ៖ Stince